ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួន៥នាក់ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ចេញ ដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទចំនួន៥នាក់ ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះបើតាមការបញ្ជាក់ពីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនជាប់ចោទទី-១ ឈ្មោះ ញុិន ពុទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ទី-២ ឈ្មោះ សេង ចាន់ត្រា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំតាលោ ស្រុកតាលោសែនជ័យ ទី-៣ ឈ្មោះ ផុស កំរី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី-៤ ឈ្មោះ ហៀក រឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ និងទី-៥ ធឿន សុខរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលដដែលបន្តទៀតថា ជនជាប់ចោទត្រូវបានឃុំខ្លួនទាំងចំនួន៥នាក់ខាងលើ បានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅម្ដុំចម្ការដើមម៉ៃសាក់ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ហើយត្រូវបានលោកព្រះរាជអាជ្ញារង ដឹកនាំកម្លាំងនគរបាលចុះបង្រ្កាបដោយឃាត់បានជាបន្តបន្ទាប់ភ្លាមៗ ថែមទាំងដកហូតនូវឧបករណ៍ដូចជាៈ ដាវសាម៉ូរៃចំនួន១ កាំបិតផ្គាក់ចំនួន១ ពូថៅចំនួន២ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់សារធាតុញៀន១កំប្លេ និងសម្ភារផ្សេងៗមួយចំនួន ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖