ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៨៧ ឈានចូល ៨៨ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លិខិតជូនពរ ក្នុងឱកាសចម្រើនជន្មាយុ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា !

សម្តេចអគ្គមហាពញាចក្រី និងសម្តេច ធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! ក្នុងនាមសមាជិក សមាជិកព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរជាមួយមនោសញ្ចេតនាសប្បាយរីករាយប្រកបដោយសេចក្តីគោរព ដ៏ជ្រាលជ្រៅបំផុតព្រមទាំងសូមជូនពរជ័យសិរីមង្គលដ៏មហាប្រសើរជូន សម្តេចអគ្គមហាពញាចកី ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនៃខួបកំណើត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងក្រៃលែងចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ សម្ដេច អគ្គមហាពញាចក្រី ដែលកន្លងមក សម្តេច បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ព្រមទាំងពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេស ស្ថិតក្នុងបរិបទនេះ សម្តេច បានបរិច្ចាគធនធានផ្ទាល់ខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានអត្រាឆ្លងគួរព្រួយបារម្ភក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអ្នក ដឹកនាំស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាតិ សម្ដេចសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ក្លាយទៅជាប្រទេសនីតិរដ្ឋ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ លើលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្ដេច អគ្គមហាពញាចក្រី និងសម្ដេច ធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕សូម សម្តេចអគ្គមហាពញាចក្រី ទទួលនូវការគោរពដ៏ស្មោះស្ម័គ្របំផុត យើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖