មន្ត្រីគ្រប់គ្រងដែនសមុទ្រជប៉ុន នៅថ្ងៃទី២៣ខែឧសភា បានឱ្យដឹងថា មាននាវាដឹកជញ្ជូនកូរ៉េខាងជើងមួយគ្រឿងបានលិចនៅតំបន់សមុទ្រជប៉ុន ។
នាវាដឹកទំនិញ Chongbong របស់កូរ៉េខាងជើងបានជួបគ្រោះថ្នាក់នៅដែនសមុទ្រមានចម្ងាយពីកោះ Okinoshima និង កោះ Oki ប្រទេសជប៉ុននៅថ្ងៃទី២១ខែឧសភា។ នាវាខាងលើបានផ្តល់សញ្ញាសុំជំនួយនៅវេលាម៉ោង ២៣ ថ្ងៃទី២១ ខែឧសភា ក្រោយពីមានទឹកលិចចូលក្នុងនាវា។ នាវិកទាំង២១នាក់បាននាំគ្នាចុះទូកសង្គ្រោះបន្ទាន់ ហើយទទួលបានការជួយសង្គ្រោះពីនាវាដឹកប្រេងកូរ៉េខាងជើង YuJong2 (IMO 8604917) នៅវេលាម៉ោង១៣និង៣០ នាទី ថ្ងៃទី២២ខែឧសភា ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា នាវាដឹកទំនិញ Chongbong មានចំណុះ៥៥០០តោន បានលិចទាំងស្រុងនៅវេលាម៉ោង ១៤និង៣២នាទីថ្ងៃទី២២ខែឧសភា ។ នាវាខាងលើជួបគ្រោះថ្នាក់ពេលធ្វើដំណើរចេញពីកំពង់ផែ Chongjin ភាគខាងជើងកូរ៉េខាងជើង ទៅកាន់កំពង់ផែ Songrim ខេត្ត Hwanghae ។
នាវាដឹកទំនិញ Chongbong របស់កូរ៉េខាងជើងស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។ នាវាខាងលើនេះផលិតនៅឆ្នាំ ១៩៨៩ ហើយក្នុងពេលលិច នាវាបានដឹកដែកប្រមាណ ៦៥០០តោន៕ដោយ ៖ ធីរីណា
រូបភាព៖ congly