ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តVELL FIRE​ តម្លៃរាប់មុឺនដុល្លារ​ ត្រូវម៉ូតូសណ្ដោងរុឺម៉កបុក​ពេញទំហឹងរងការខូចខាតយ៉ាងដំណំ​ រួចបញ្ចប់រឿងត្រឹម២០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺម៉ក​ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង​ម៉ាក​TOYOTA VELL FIRE​ ដែលកំពុងបេីកបត់ត្រឡប់ក្រោយ​ពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរភ្លើងស្តុបឃ្លាំងរថយន្តមែរសឺដែស​ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្តោងរុឺម៉ក បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង (ម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-0436 និងកន្ទុយរុឺម៉កសណ្តោង ពណ៌ខៀវ )​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក​TOYOTA VELL FIRE​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7689 នៅឈប់លើចិញ្ចើមផ្លូវ៣០ម៉ែត្រ ហេីយក៏ស្រាប់តែបត់ត្រឡប់ក្រោយវិញ ទើបរូបគាត់អកហ្សឺចាប់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុករថយន្តស៊េរីទំនើបខាងលេីចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូតខាតយ៉ាងដំណំ​ ។ ចំណែកឯម៉ូតូសណ្ដោងរុឺម៉ករងការខូចខាតបន្តិចបន្តួច​ ហេីយរូបគាត់អ្នកបេីកបរក៏មិនរងរបួស​ដែរ​ ។ 

  ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្តោងរុឺម៉កទៅដាក់អែបខាងសិន និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តរងគ្រោះ សម្រេចចិត្តយល់ព្រមទទួលយកសំណងពីម្ចាស់ម៉ូតូសណ្ដោងរុឺម៉កចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖