ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការី នៅព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក មាន វៃ អាយុ៣៤ឆ្នាំ ជាមន្រ្តីយោធានៃបញ្ជាការដ្ឋានផ្នែកសឹករងពញាក្រែក ដែលបានទទួលមរណភាពដោយសារជនបែកថ្នាំវាយនឹងដំបងពេលជនរងគ្រោះរារាំងមិនឱ្យចេញពីទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩នៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។
ក្រៅពីគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា បាននាំយកបច្ច័យសាមគ្គីរបស់មិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សរុបចំនួន ២,៩១០,០០០៛ជូនក្រុមគ្រួសារនៃសពដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យដែលប្រារព្ធធ្វើឡើងនៅក្នុងបញ្ជាការដ្ឋានផ្នែកសឹករងពញាក្រែក ស្ថិតនៅក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
មុនហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១៧:៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក មានជនសង្ស័យឈ្មោះ មឿន មុឺន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ បានបែកថ្នាំបម្រុងរត់គេចចេញទៅក្រៅ តែត្រូវជនរងគ្រោះឃាត់មិនឱ្យចេញ ហើយជនសង្ស័យក៏យកដំបងមកវាយជនរងគ្រោះបណ្តាលឱ្យស្លាប់ ខណៈកំពុងយាមមណ្ឌលចត្តាឡីស័កខាងលើ ៕
ដោយ ៖ វណ្ណៈ