ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ស្នងការអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក មាន វៃ មន្រ្តីយោធានៃបញ្ជាការដ្ឋានផ្នែកសឹករង ពញាក្រែក និងចូលបច្ច័យចំនួន ២,៩១០,០០០រៀល

ចែករំលែក៖

     ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការី នៅព្រឹក​ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១​ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក មាន វៃ អាយុ៣៤ឆ្នាំ​ ជាមន្រ្តីយោធានៃបញ្ជាការ​ដ្ឋានផ្នែកសឹករងពញាក្រែក ដែលបានទទួល​មរណភាព​ដោយសារជនបែកថ្នាំ​វាយនឹងដំបង​ពេលជន​រងគ្រោះ​រារាំងមិន​ឱ្យចេញពីទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩​នៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក​ ។ 

ក្រៅពី​គោរព​វិញ្ញាណក្ខន្ធ​ និងរំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា បាន​នាំយកបច្ច័យសាមគ្គីរបស់មិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សរុបចំនួន ២,៩១០,០០០៛ជូនក្រុមគ្រួសារ​នៃសពដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យ​ដែល​ប្រារព្ធធ្វើឡើងនៅក្នុងបញ្ជាការដ្ឋានផ្នែកសឹករងពញាក្រែក ស្ថិតនៅក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មុន​ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលាម៉ោងប្រមាណ១៧:៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក មានជនសង្ស័យឈ្មោះ មឿន មុឺន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ បានបែកថ្នាំបម្រុងរត់គេចចេញទៅក្រៅ តែត្រូវជនរងគ្រោះឃាត់មិនឱ្យចេញ ហើយជនសង្ស័យក៏យកដំបងមកវាយជនរងគ្រោះបណ្តាលឱ្យស្លាប់ ខណៈកំពុងយាមមណ្ឌលចត្តាឡីស័កខាងលើ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖