អ្នកឯកទេសសុខាភិបាល របស់អង្គការសុខភាពពិភពលោក បានស្នើដល់អាមេរិក ចែករំលែក ព័ត៌មានចារកិច្ចស្តីពីប្រភពកូវីដ-១៩ ដែលក្រុមចារកិច្ចអាមេរិកទទួលបាន។
កាលពីសប្តាហ៍កន្លងមក សារព័ត៌មាន Wall Street Journal បានដកស្រង់សំដីចារកិច្ចអាមេរិក បានឲ្យដឹងថា មានបុគ្គលិក៣នាក់នៅមន្ទីរពិសោធន៍ ទីក្រុងវូហាន ប្រទេសចិនធ្លាក់ខ្លួនឈឺ រហូតដល់ទៅបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ដោយមានអការៈដូចជាជំងឺកូវីដ-១៩ ។
ថ្នាក់ដឹកនាំក្រុមចារកិច្ចអាមេរិកបានបញ្ជាក់ថា ពួកគេមិនដឹងថាវីរុសឆ្លងរាលដាលពេលដំបូងដោយរបៀបណានោះឡើយ ប៉ុន្តែមានទ្រឹស្តីពីរ ផ្សេងគ្នា គឺកូវីដ-១៩ អាចឆ្លងពីមនុស្ស ដែលប៉ះពាល់ជាមួយសត្វ មានផ្ទុកជំងឺ ឬ ជាគ្រោះថ្នាក់កើតចេញពីមន្ទីរពិសោធន៍ ។
មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌មាន BBC បណ្ឌិត Dale Fisher មកពីអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ទ្រឹស្តីស្តីពីមន្ទីរពិសោធន៍ នៅតែមិនទាន់បោះបង់ចោលនៅឡើយទេ ប៉ុន្តែមិនទាន់បញ្ចាក់ពីការពិត។ ដូច្នេះលោកបានអំពាវនាវដល់អាមេរិក ចែករំលែកព័ត៌មានចារកិច្ចពាក់ព័ន្ធប្រភពកូវីដ-១៩ ដែលអាមេរិកមាន ដើម្បីជួយបំពេញការស្រាវជ្រាវបានល្អបំផុត។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រ បានស្រង់មតិគ្នា គឺកូវីដ-១៩កើតចេញពីសត្វឆ្លងទៅកាន់មនុស្ស តាមបែបធម្មជាតិ ។ ចំណែកទ្រឹស្តីថា វីរុសកូវីដ-១៩លេចចេញពីមន្ទីរពិសោធន៍ មិនទាន់បើកការស្រាវជ្រាវនៅឡើយទេ ដោយទាំងនោះចាត់ទុកថាជានយោបាយ ដែលអតីតប្រធានាធិបតីត្រាំ បានលើកឡើងដើម្បីប្រឆាំងចិនតែប៉ុណ្ណោះ។
កន្លងមកចិនក៏ធ្លាប់បានប្រកាសថា ការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍គឺជារឿងមួយដ៏ល្អ ហើយការស្រាវជ្រាវចំបាច់ត្រូវតែធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់អាមេរិក មិនមែនតែធ្វើឡើងនៅក្នុងប្រទេសចិនតែមួយនោះឡើយ៕
ដោយ៖ធីរីណា(រូបភាព៖ Getty)