ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះធ្លាក់ចូលបឹងនៅអាមេរិក ស្លាប់៧នាក់

ចែករំលែក៖

សារព័ត៌មាន CNN បានផ្សាយថា យន្តហោះធុនតូច ដឹកអ្នកដំណើរ៧នាក់បានធ្លាក់ចូលបឹង Percy Priest ក្នុងតំបន់ Rutherford រដ្ឋ Tennessee អាមេរិក នៅវេលាម៉ោង ១១ថ្ងៃទី ៣០ខែឧសភា ។
ជើងហោះហើរជួបគ្រោះថ្នាក់ ពេលហោះហើរចេញពីអាកាសយានដ្ឋាន Smyrna តំបន់ Rutherford រដ្ឋ Tennessee ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Palm Beach រដ្ឋ Florida អាមេរិក។ កម្លាំងជួយសង្គ្រោះព្រមទាំងក្រុមមុជទឹកបានព្យាយាមស្វែងរកជនរងគ្រោះនៅក្នុងបឹង Percy Priest ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អ្នកដំណើរទាំង ៧នាក់នៅលើយន្តហោះជួបគ្រោះថ្នាក់ស្លាប់ទាំងអស់ អត្តសញ្ញាណជនរងគ្រោះមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។ មន្ត្រីគ្រប់គ្រងការជួយសង្គ្រោះបន្ទាន់ តំបន់ Rutherford បានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកនៅរស់ ប៉ុន្តែគឺមិនមានឡើយ អ្នកដំណើរទាំងអស់បានស្លាប់។
ជាមួយគ្នានេះដែរ នៅក្នុងតំបន់ ជិះស្គីលើទឹកកក Powder Mountain ក៏មានយន្តហោះធុនតូច មួយគ្រឿង បានធ្លាក់ ស្ថិតនៅក្នុងស្រុក Weber រដ្ឋ Utah អាមេរិក។ ពលរដ្ឋនៅក្នុងតំបន់បានឲ្យដឹងថា បានឃើញយន្តហោះធុនតូចហោះខុសប្រក្រតី ហើយក្រោយមកក៏មានសំឡេងផ្ទុះយ៉ាងខ្លាំង ទើបទូរស័ព្ទទៅកាន់ ក្រុមជួយសង្គ្រោះបន្ទាន់ ។ មនុស្ស២នាក់នៅលើយន្តហោះ បានស្លាប់៕ដោយ៖ធីរីណា

រូបភាព៖ WSMV (NBC)

 


ចែករំលែក៖