ក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្តួលក្រុមម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ និងបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) អាយុក្រោម២១ឆ្នាំទល់នឹងអាល្លឺម៉ង់នៅថ្ងៃអាទិត្យខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport, Reuters និង UEFA នៅព្រឹកថ្ងៃសុក្រ ទី៤ មិថុនានេះ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅសល់១០នាទីចប់ការប្រកួតដែលជាគ្រាប់បាល់សំណាងដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Jorge Cuenca របស់ក្រុមជម្រើសជាតិអេស្ប៉ាញ (U21) ក្នុងការប្រកួតដំណាលគ្នានឹអាល្លឺម៉ង់ប៉ះហុល្លង់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មិថុនានេះ។
ចំណែកក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំអាល្លឺម៉ង់បានយកឈ្នះក្រុមហុល្លង់ក្នុងលទ្ធផល ២-១ ។ ២គ្រាប់របស់អាល្លឺម៉ង់រកបានដោយកីឡាករ Florian Wirtz បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ម្នាក់ឯងនៅនាទីទី១ និងនាទីទី៨ ខណៈ១គ្រាប់របស់ហុល្លង់រកបានដោយកីឡាករ PerrSchuurs រកបាននៅនាទីទី៦៧។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូអាយុក្រោម២១ឆ្នាំនឹងប្រព្រឹត្តទៅនៅរំលងអធ្រាត្រថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ វេលាម៉ោង២ ដែលជាជំនួបរវាងអាល្លឺម៉ង់ និងព័រទុយហ្គាល់។ ជាមួយគ្នានេះក្រុមអេស្ប៉ាញបានខកខានឱកាសលើកពាននេះជាលើកទី៦របស់ខ្លួន ដោយនៅបន្តរក្សាកំណត់ត្រាលើកពាននេះចំនួន៥លើកដូចគ្នាជាមួយអុីតាលី ៕ដោយ ៖ ភារៈ