ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះចែកសេចក្តីជូនដំណឹងដល់ម្ចាស់ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងផ្ទះទូកតូចៗចំនូន២៩២ផ្ទះដែលមានប្រជាពលរដ្ឋរស់នៅចំនួន៣០៨គ្រួសារ តាមបណ្តោយទន្លេក្នុងភូមិក្រួសនៃសង្កាត់សំរោង និងភូមិឌួង ភូមិពោធិមង្គល ភូមិព្រែក ភូមិផ្សារលិច និងភូមិកណ្តាលនៃសង្កាត់ព្រែកព្នៅ ឱ្យរុះរើនិងយកផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចេញឱ្យអស់ ដោយទុករយៈពេលឱ្យ៧ថ្ងៃចាប់ពីថ្ងៃជូនដំណឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
ក្នុងការចុះចែកសេចក្តីជូនដំណឹងដល់ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយចំនូន២៩២ផ្ទះ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៣០៨គ្រួសារនោះ ដឹកនាំដោយលោកជា ខេមា អភិបាលរងខណ្ឌ ដែលជាតំណាងរបស់លោកលោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងក្រុមការងារថ្នាក់ខណ្ឌ សង្កាត់ និងភូមិ បានចុះដល់ខ្នងផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងផ្ទះទូកតូចៗ ក្នុងនោះក្រុមការងារបានចែកសេចក្តីជូនដំណឹងរបស់សាលាខណ្ឌព្រែកព្នៅដែលតម្រូវឲ្យពួកគាត់រុះរើចេញដោយទុករយៈពេល១សប្តាហ៍ ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ បើផុតឱសានវាទហើយអាជ្ញាធរនិឹងចុះរុះរើ ហើយបើមានការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន អាជ្ញាធរពុំទទួលខុសត្រូវឡើយ។
លោកជា ខេមា បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាមដែលមកសង់ផ្ទះរស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ហើយបច្ចប្បន្នផ្ទះនិងបែត្រីទាំងនោះបានបណ្តែតមកនៅជាប់គ្នាជិតពាក់កណ្តាលទន្លេទៅហើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកបន្តថា ផ្ទះឬបែដែលបានមករស់នៅលើផ្ទៃទឹកទន្លេនេះ គឺបណ្តាលឲ្យបាត់បង់សោភណភាព បរិស្ថាន និងអនាម័យទឹកទន្លេទៀតផង ហើយការចេញសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌព្រែកព្នៅនេះ គឺមិនចំពោះជនជាតិវៀតណាម ឬជនជាតិណាឡើយគឺយើងតម្រូវឲ្យពួកគាត់រើចេញទាំងអស់ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ គឺទុករយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ ភាគច្រើនជាជនជាតិវៀតណាម ដែលបានទទួលសេចក្តីជូនដំណឹងនេះ អ្នកខ្លះបាននិយាយថា ផ្ទះលើទឹកនេះពួកគាត់បានរស់នៅច្រើនឆ្នាំមកហើយ បើឲ្យពួកគាត់រុះរើចេញតើឲ្យទៅរស់នៅឯណា អ្នកខ្លះថាពួកគាត់រស់បានដោយសារតែការចិញ្ចឹមត្រី និងនេសាទ ហើយមិនមានដីលើគោកនោះទេ តើឲ្យរុះរើទៅនៅឯណា? រីឯអ្នកខ្លះទៀតថាទុកពេល១សប្តាហ៍ពួកគាត់រុះរើមិនទាន់ទេ។ ភាគច្រើនប្រជាពលរដ្ឋជនជាតិវៀតណាមទាំងនោះបាននិយាយស្រដៀងៗគ្នាថា មិនដឹងទៅរស់នៅឯណាទឹ?
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរាយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ»។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ដោយសង្កត់ធ្ងន់ថា ផុតរយៈពេលមួយសប្ដាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ។ ករណីមានអ្នករឹងរូស អាជ្ញាធរធរមូលដ្ឋាននិងមន្រី្តជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ ៖ ព្រែកសំរោង