ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិបារ៉ែនក្នុងលទ្ធផល៨ទល់០កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងកីឡដ្ឋានជាតិ Riffa ទឹកដីក្រុមបារ៉ែន។ នេះបើតាមការចេញផ្សាយរបស់ soccerway និងលទ្ធផលដែលចេញផ្សាយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC នៅព្រឹកថ្ងៃទី៤ មិថុនានេះ។
បើទោះបីជាក្រុមជម្រើសជាតិកម្ពុជាចាញ់ក្រុមបារ៉ែនមែន ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញទម្រង់លេងដែលមានទំនុកចិត្ត និងការសហការគ្នាលេងដោយគ្មានការលំបាកនៅក្នុងទឹកដីបារ៉ែន។ ៨គ្រាប់ដែលរកបានដោយកីឡាករក្រុមបារ៉ែនរកបាននៅតង់ទី១ចំនួន២គ្រាប់ និងតង់ទី២ចំនួន៦គ្រាប់។
២គ្រាប់ក្នុងតង់ទី១រកបានដោយកីឡាករ Kamil Al Aswad នៅនាទីទី៨ និង១គ្រាប់ទៀតរកបានដោយកីឡាករ Mohamed Al Romaihi នៅនាទីទី៤៥+២។ ចំណែក៦គ្រាប់ទៀតដែលរកបានក្នុងតង់ទី២គឺនៅនាទីទី៤៦ ដោយកីឡាករ Ali Madan, នាទីទី៥២ ដោយកីឡាករ Jassim Al Shaikh, នាទីទី៦៥ ដោយកីឡាករ Ali Madan ដដែល, នាទីទី៧១ ដោយកីឡាករ Kamil Al Aswad, នាទីទី៧៥ និងនាទីទី៩០+៣ ដោយកីឡាករ Ismaeel Abdullatif Hassan ម្នាក់ឯង។
លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិបារ៉ែនឡើងឈរលេខ១ក្នុងពូលC បណ្តោះអាសន្នក្នុងការប្រកួតវគ្គជម្រុះ World Cup តំបន់អាស៊ី ដោយមាន១២ពិន្ទុ ឈរលើក្រុមលេខ២អុីរ៉ាក់មាន១១ពិន្ទុ លេខ៣អុីរ៉ង់មាន៩ពិន្ទុក្នុង៥ប្រកួតដូចគ្នា។ ចំណែកក្រុមជម្រើសជាតិហុងកុងឈរចំណាត់ថ្នាក់លេខ៤ មាន៥ពិន្ទុ និងកម្ពុជាឈរបាតតារាងលេខ៥មាន១ពិន្ទុ ក្នុង៦ប្រកួតកន្លងទៅ។
សូមបញ្ចាក់ថា ក្រុមជម្រើសជាតិបារ៉ែននឹងត្រូវប៉ះក្រុមខ្លាំងម្ចាស់ផ្ទះអុីរ៉ង់នៅថ្ងៃទី៧ ខែមិថុនាខាងមុខនេះក្នុងការប្រកួតជម្រុះ World Cup តំបន់អាស៊ីបន្តទៀត ខណៈដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះក្រុមម្ចាស់ផ្ទះអុីរ៉ាក់នៅថ្ងៃទី៧ មិថុនាដូចគ្នាសម្រាប់ការប្រកួតក្នុងពូលC ៕ ដោយ ៖ ភារៈ
រូបភាព៖ AFC (Asian Football Confederation)