ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាម្ដាយអត់ទ្រាំមិនបានប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យជាកូនករណីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមពាក្យបណ្ដឹងរបស់ម្ដាយបង្កើតពីករណីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន។

   ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១ នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

  សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ក់ ចំរើន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិសង្កាត់ខាងលើ។

ប្រភពបន្តថា នគរបាលប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស បានទទួលពាក្យបណ្ដឹងមួយច្បាប់ពីឈ្មោះញៀន សឿន ភេទស្រីអាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានប្ដឹងទៅលេីឈ្មោះ ម៉ក់ ចំរើន  (ត្រូវជាកូនបង្កើត) ថាបានប្រើអំពេីហិង្សា វាយបំផ្លិចបំផ្លាញសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ជាច្រើន ។ ជាក់ស្ដែងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ជននេះបានយកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ទៅបញ្ចាំបានប្រាក់ចំនួន៥៣០ដុល្លារ ហើយនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ វេលាម៉ោងប្រហែល៦ល្ងាច ជនសង្ស័យជាកូនបានវាយបំផ្លាញទូរទស្សន៍អស់ចំនួន២គ្រឿង។ 

បន្ទាប់មកនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ វេលាម៉ោងប្រហែល៧យប់ ជនសង្ស័យបានយកភ្លើងទៅដុតទ្រុងមាន់ឆេះអស់មួយផ្នែក និងបានគំរាមសម្លាប់ម្ដាយចោលនៅពេលណាដែលម្ដាយមិនប្រគល់ប្រាក់ចំនួន២០០ដុល្លារឲ្យតាមការទាមទាររបស់ជនសង្ស័យនោះទេ។

   សមត្ថកិច្ចបានបន្ថែមថា ក្រោយពេលទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងស្វែងរកជនសង្ស័យរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន នាំយកមកប៉ុស្តិ៍ធ្វេីការសាកសួ។

  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានប្រេីអំពេីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះពិតប្រាកដមែន  ហើយបន្ទាប់មកសមត្ថកិច្ចបានយកទៅធ្វើតេស្ដស្វែងរកសារធាតុញៀន ជាលទ្ធផល( វិជ្ជមាន )។

  ក្រោយមកសមត្ថកិច្ចបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាដេីម្បីឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋានគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ ៖ យឹម សុថាន


ចែករំលែក៖