ព័ត៌មានទាន់ហេតុការណ៍៖

អាសូរ​ណាស់​! ស្លាប់​ទាំងឪពុក​និង​កូន ខណៈ​កូនប្រុសដឹកគោ​ឱ្យទៅ​ចុះ​ផឹកទឹក​ស្រះ ក៏​ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន បាន​លង់ទឹក​ស្លា​ប់​យ៉ាង​អាណោចអាធ័ម​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​រោងចក្រ​ត្រី​ប៉ុស្តិ៍ ស្ថិត​ក្នុងភូមិ​ព្រៃ​ពិស ឃុំ​ឈូក​.​ស ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា​ ឆ្នាំ​២០២១​ម្សិលមិញនេះ​ ខណៈ​កូនប្រុសដឹកគោ​ឱ្យទៅ​ចុះ​ផឹកទឹក​ស្រះ ក៏​ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ។បើ​យោង​តាម​ប្រភព​ពី​មន្រ្តី​នគរបាលមូលដ្ឋាន​ បានឲ្យដឹងថា​ ជន​រង​គ្រោះទាំង២នាក់នេះ​ ទី១,​មានឈ្មោះ សុខ គ្រី​យ៉ា អាយុ​៣៩​ឆ្នាំ (ឪពុក)​ និងទី២,ឈ្មោះ គ្រី​យ៉ា មូ​សា អាយុ​១៦​ឆ្នាំ​ (ត្រូវ​ជាកូនប្រុស)ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។

មន្រ្តី​​ដដែល​ បន្តថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​យក​គោ​ទៅ​ឱ្យ​ផឹកទឹក​ស្រះ ខណៈ​ពេល​នោះ​កូនប្រុស (​ជន​រង​គ្រោះ​) បាន​ដឹកគោ​ឱ្យទៅ​ចុះ​ផឹកទឹក​ស្រះ ក៏​ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ បណ្ដាល​ឲ្យ​លង់​តែ​ម្តង ដោយ​ឃើញ​ដូច្នោះ ឪពុក (​ជន​រង​គ្រោះ​) ក៏​ហក់លោត​ចុះ​ទៅ​ជួយ​សង្គ្រោះ​កូនប្រុស ប៉ុន្តែ​មិនដឹង​ថា​យ៉ាងម៉េច ក៏​បាន​បណ្ដាល​ឲ្យ​លង់ទឹក​ស្លា​​ប់​ទាំង​២ នាក់​តែ​ម្តង។​ បន្ទាប់​ពី​កើតហេតុ ដោយសារ​តែ​ក្រុម​គ្រួសារ​បាត់​ដំណឹង​យូរ​ពេក ក៏​នាំ​គ្នា​ទៅ​មើល ប៉ុន្តែ​ឃើញ​តែ ស្បែកជើង​នៅ​មាត់​ស្រះ និង​សត្វ​គោ​ឈរ​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវរក​មើល ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លា​ប់​ទាំង​២​នាក់​ឪពុក​និង​កូន​នៅ​ក្នុង​ទឹកស្រះ​បាត់​ទៅ​ហើយ ។

ក្រោយ​កេីត​ហេតុ​កម្លាំងសមត្ថកិច្ច​ជំនាញ​ សហការជាមួយ​ក្រុមគ្រូពេទ្យជំនាញ​ ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកស​​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ រួចបានសន្ឋិដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​​ប្រគល់​ស​ព​​ឱ្យ​ទៅក្រុម​គ្រួសារ​សាច់ញាតិ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ដោយ​៖សហការី​

រូបភាព​៖​ ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នារាវទឹកស្រះរកសាកសពជនរងគ្រោះ


ចែករំលែក៖