ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបានចុះស្តារប្រឡាយអូរខ្សាច់ប្រវែងជិត១៧គីឡូម៉ែត្រ ជិតរួចរាល់ហើយ នៅសល់តែ២គីឡូម៉ែត្រទៀតនឹងបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងជីកស្តារប្រឡាយអូរខ្សាច់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូលដែលមានប្រវែងជិត១៧គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹកកុំឱ្យលិចលង់នៅផ្លូវជាតិលេខ៤ និងនៅមុខព្រលានយន្តហោះភ្នំពេញ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា៖ គម្រោងស្តារព្រែកអូរខ្សាច់នេះ មានប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ២៦ម៉ែត្រ បាតក្រោម១៧ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង២,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញប្រវែង ១៤,៧៥០ម៉ែត្រ ដោយចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលបន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោ ក្នុងខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោកតែម្ដង។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា៖ប្រឡាយអូរខ្សាច់ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺតាមអមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាមោកតែម្ដង ដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឱ្យលិចលង់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុងនាពេលកន្លងមក ។
លោកម៉ៅ ប៊ុនធឿន បានបន្តថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញ ចាប់ផ្ដើមបើកការដ្ឋាន កាលពីខែកក្កដាឆ្នាំ២០២០ ហើយគិតមកដល់ត្រឹមថ្ងៃទី០៤មិថុនា២០២១នេះ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានជីក ស្តារបានជាង១៥គីឡូម៉ែត្រហើយ ពោលគឺនៅសង់តែ២គីឡូម៉ែត្រទៀតប៉ុណ្ណោះ គម្រោងនេះនឹងត្រូវបញ្ចប់៕

ដោយ ៖ សំរិត


ចែករំលែក៖