ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកាគណៈកម្មាធិការសាខា មូលនិធិបានទទួលថវិកា ២០ លានរៀល ពីលោក សោម សុធា អគ្គនាយក គម្រោងអចលនទ្រព្យ ភូមិមរតក និងសហការី ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ។

នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើង ទោះបីទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា  មិនបានប្រារព្វធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ  ជាហេតុនាំឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហម កម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ការពារ ៣កុំ និង ២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូន សប្បុរសជន ទាន់ពេលវេលា ។

លោកស្រី ក្នុងនាម លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឆ្លើយតប ទៅនឹងទឹកចិត្តដ៏សប្បុរសធម៌របស់ លោក សោម សុធា អគ្គនាយក គម្រោងអចលនទ្រព្យ ភូមិមរតក និងសហការី ដែលបានឧបត្ថម្ភក្នុងថ្ងៃនេះពិតជាបានចូលរួមចំណែក យ៉ាងធំធេងជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងសក្មមភាពឆ្លើយតបដល់ជនងាយរងគ្រោះ និង រងគ្រោះមហន្តរាយនៅតាមសហគមន៍ក្នុងខេត្ត នាបច្ចុប្បន្នដែលយើង ទាំងអស់គ្នាកំពុងទទួលនូវហានិភ័យនៃគ្រោះមហន្តរាយចំពោះមុខ គឺជំងឺកូវីដ-១៩ ។ 

លោកស្រីបានពាំនាំនូវការចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ  លោកឧកញ៉ា លោក លោកស្រី ដែលបាន បរិច្ចាគនូវធនធានថវិកាទៅតាមលទ្ធភាពតិចឬច្រើន គឺជាទឹកចិត្ត មនុស្សធម៌ពិតៗ ក្នុងការ រួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមសហគមន៍ក្នុងខេត្ត ។ 

ដោយអនុវត្តសេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមធ្វើការអំពាវនាវ ដល់  លោក លោកស្រី ក្រុមហ៊ុនវិស័យឯកជននៅតែបន្តជួយ ឧបត្ថម្ភគាំទ្រ បាននូវ ថវិកា សម្ភារ ផ្សាភ្ជាប់នឹងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា កន្លងផុតទៅដែល សាខានៅរង់ចាំទទួលពីសប្បុរសជនជានិច្ច ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖