ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋធានីញូវដេលីបើកទ្វារឡើងវិញ ក្រោយករណីឆ្លងកូវីដ-១៩ថយចុះ

ចែករំលែក៖

ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាបានថយចុះ ហើយរដ្ឋធានីញូវដេលីនិងកាត់បន្ថយការរឹតត្បិតចាប់ពីថ្ងៃទី១៤ ខែមិថុនាតទៅ ។ បណ្តាហាងលក់ទំនិញ ផ្សារទំនើប នឹងបើកទ្វារឡើងវិញនៅថ្ងៃស្អែក ខណៈដែលអ្នកឆ្លងកូវីដ-១៩ ថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមក។
សារព័ត៌មាន NDTV បានផ្សាយថា បណ្តាហាងលក់ទំនិញទទួលបានការអនុញ្ញាតឲ្យបើកទ្វារ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលពីមុនមកគឺបើកទ្វារផ្លាស់ប្តូរគ្នាមានពេលកំណត់។ ប៉ុន្តែលោក Arvind Kejriwal អភិបាលរដ្ឋញូវដេលី បានលើកឡើងថា ការកាត់បន្ថយការរឹតត្បិតធ្វើឡើងសាកល្បងរយៈពេល១សប្តាហ៍ ហើយប្រសិនបើមានការឆ្លងថ្មីឡើងវិញនោះ នឹងត្រូវអនុម័តរឹតត្បិតជាថ្មី។
បណ្តាភោជនីយដ្ឋាននៅក្នុងទីក្រុងញូវដេលីនឹងទទួលបានការអនុញ្ញាតឲ្យបើកដំណើរការ ៥០%ឡើងវិញ ជាជាងផ្តល់តែសេវាផ្គត់ផ្គងអាហារតាមផ្ទះប៉ុណ្ណោះ។ ផ្សារលក់ទំនិញ ក៏បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញផងដែរ។ ចំណែកសេវាកម្មដឹកជញ្ជូន រថយន្តក្រុង រថភ្លើងក៏អនុញ្ញាតឲ្យដំណើរការ៥០ភាគរយផងដែរ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកទីក្រុងញូវដេលីរកឃើញករណីឆ្លងកូវីដ-១៩ តែជាង២០០នាក់ប៉ុណ្ណោះនិងស្លាប់២៨នាក់ ដែលជាតួលេខទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមក ។ គិតមកដល់ថ្ងៃទី១៣ខែមិថុនា ឥណ្ឌាមានអ្នកឆ្លងសរុបជាង២៩,៤លាននាក់ និងស្លាប់ជាង៣៧០ពាន់នាក់ ៕ដោយ៖ ធីរីណា

ស្ត្រីជនជាតិឥណ្ឌាម្នាក់ពាក់ម៉ាសនៅតាមផ្លូវ។ (រូបភាព៖BBC)

 

 

 


ចែករំលែក៖