ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​​ដឹក​ខ្សាច់​បើក​ចេញពី​ការដ្ឋាន​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​​តាមផ្លូវ​បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ អ្នកបើករថយន្តបង្កគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​​បើករថយន្ត​បែនដឹក​ខ្សាច់​ ចេញពី​ការដ្ឋាន​​បាន​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពី​ខាងមុខ​រថយន្ត​ស៊េរី​ទំនើបដែលកំពុងតែ​បើក​នៅតាម​ដងផ្លូវ​​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខ្ទេច​ផ្នែក​ខាងមុខ ហើយក្រោយពីបង្កហេតុអ្នកបើករថយន្តបែនដឹកខ្សាច់នោះបានរត់គេចខ្លួន​បាត់ស្រមោល​។​

ហេតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើង​នៅ​ម៉ោង១០និង២០​នាទី​យប់​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ។​

  ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Toyota Fortuner ពណ៌​ខ្មៅ ពាក់ស្លាក ភ្នំពេញ​2AM -1199 ​បើកបរ​ដោយ​បុរស​ម្នាក់​តាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅ​ពី​កើតទៅលិច​ ខណៈ​មកដល់​ចំណុចកើតហេតុ​​មុខ​ដេប៉ូ​ខ្សាច់ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង​​ម៉ាកដេវូ ក្បាល​ពណ៌​គ្រាប់​អម្ពិល ពាក់ស្លាកលេខ​ពោធិ៍សាត់​ 3A-1140 បើកបរ​ដោយ​បុរស​ម្នាក់​ចេញពី​ការដ្ឋាន​ខ្សាច់​មក​បុក​ចំ​ពីមុខ​រថយន្ត ​Toyota Fortuner ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​រងគ្រោះ​ខូចខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ​។​

  ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចុះមកដល់ដោយមានតំណាងខាងរថយន្តបង្កចេញមកដោះស្រាយទើប សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង​​សម្របសម្រួល​គ្នា​ដោយ​ខាង​បង្ក​ព្រម​សង​ជា​សំណងក្នុងការជួសជុលរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅ​កន្លែងកើតហេតុ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖