ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កែជាទីស្រឡាញ់របស់ប្រធានាធិបតីអាមេរិកចូ បៃឌិន បានងាប់ក្នុងអាយុ១៣ឆ្នាំ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសថា Champ ជាសត្វឆ្កែដែលលោកស្រឡាញ់ចូលចិត្ត បានរួមរស់ជាមួយគ្រួសាររបស់លោករយៈពេល១៣ឆ្នាំកន្លងមក គឺចាប់តាំងពីឆ្នាំ២០០៨ ពេលនេះបានងាប់ហើយនៅឯផ្ទះក្នុងទីក្រុង Wilmington រដ្ឋ Delaware ។
ប្រធានាធិបតីបៃឌិន និងភរិយា Jill Biden បានប្រកាសនៅថ្ងៃទី១៩ខែមិថុនាថា «យើងពិតជាសោកស្តាយដែលត្រូវប្រកាសថា សត្វឆ្កែឈ្មោះ Champ ជាពូជឆ្កែ Shepherd របស់អាល្លឺម៉ង់បានងាប់ហើយ។ សត្វឆ្កែនោះជាមិត្តដ៏ជិតស្និទ្ធនិងជាសមាជិករបស់គ្រួសារខ្ញុំរយៈពេល១៣ឆ្នាំកន្លងមក»។
Champ បានក្លាយជាសមាជិកគ្រួសាររបស់ប្រធានាធិបតីបៃឌិន ក្នុងដំណាក់កាលនៃការផ្លាស់ប្តូរអំណាចកាលពីខែធ្នូឆ្នាំ២០០៨ គឺប៉ុន្មានសប្តាហ៍មុនពេលលោកបៃឌិនក្លាយជាអនុប្រធានាធិបតីអាមេរិក ។ លោកបៃឌិនបានបញ្ជាក់ថា Champ ប៉ុន្មានខែចុងក្រោយនេះ មានសុខភាពមិនល្អដោយសារតែគេវ័យចាស់ផង។
ប្រធានាធិបតីបៃឌិន ទិញChamp មកចិញ្ចឹមតាំងពីអាយុ១ខែ ពីម្ចាស់នៅទីក្រុង Spring រដ្ឋ Pennsylvania ។ ការទិញឆ្កែមកចិញ្ចឹម គឺជាការរក្សាសន្យាជាមួយភរិយាថា បើជាប់ឆ្នោតអនុប្រធានាធិបតីអាមេរិក ជាមួយលោកអូបាម៉ា ប្រធានាធិបតីនៅឆ្នាំ២០០៨នោះ លោកនឹងទិញឆ្កែមួយក្បាលមកចិញ្ចឹម ។ ក្រៅពីChamp លោកបៃឌិនក៏បានចិញ្ចឹមឆ្កែមួយក្បាលទៀតមានឈ្មោះ Major ដែលបានចិញ្ចឹមតាំងពីខែវិច្ឆិកាឆ្នាំ២០១៨មក៕

ដោយ៖ ធីរីណា


ចែករំលែក៖