ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ

ចែករំលែក៖

ខេត្តកណ្ដាល៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។ លោកអភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាស លោក អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

លោកបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋ យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។ លោកបន្ថែមថា គ្រប់អាជ្ញាធរក្រុង -ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើមឈើប្រភេទលម្អ ជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) កំណាត់ផ្លូវបំបែកពីវត្តវត្តអរិយកស្សប ទៅបឹងឆ្កែលុង ក្នុងឃុំភ្នំបាត និងតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងស្រុកមុខកំពូល សរុបចំនួន ១៦៤៨ដើម និងចែកកូនឈើចម្រុះប្រភេទ សរុប៤៦០០ដើម៕

ដោយ៖ សិលា


ចែករំលែក៖