ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាថវិកាជាង១ម៉ឺនដុល្លារសម្រាប់ទិញគ្រែដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងឲ្យ សមាជិក សមាជិកា សមាគមកាយឫទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូប បាននាំយកថវិកា ចំនួន១២.០៦៨ដុល្លារ ឧបត្ថម្ភជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានានៅរាជធានីភ្នំពេញ។

   ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហួត ហៃ  អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី កែវ មុំ តំណាងឱ្យសមាជិក សមាជិកា សមាគមកាយឫទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា នៅសាលារាជធានីភ្នំពេញ។ 

  លោកហួត ហៃ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អស់លោក លោកស្រី ក្នុងសមាគមកាយឫទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជាចំនួន៤៤រូបដែលបានឧបត្ថម្ភថវិកាចំនួន១២.០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានានៅរាជធានីភ្នំពេញ។

   តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ -១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្ដែងឱ្យឃើញអំពីការគិតគូរនិងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩។ សមានចិត្តដ៏ប្រពៃថ្លៃថ្លានេះ ប្រជាជនកម្ពុជាទាំងអស់ចងចាំមិនភ្លេចឡើយ ៕   

ដោយ ៖ សំរិត


ចែករំលែក៖