ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះជិតមកដល់ អាមេរិកពន្លឿនការស្វែងរកជនរងគ្រោះដោយការបាក់ស្រុតអគារនៅFlorida

ចែករំលែក៖

នៅពេលនេះក្រុមជំនាញនឹងបំផ្លាញអគារខុនដូ Champlain Towers South នៅរដ្ឋFlorida អាមេរិក ឲ្យបានលឿនបំផុតខណៈព្យុះត្រូពិកកំពុងតែឆ្ពោះមកកាន់តំបន់នេះ។
នៅថ្ងៃទី ៣ខែកក្កដា ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារនៅរដ្ឋ Florida ។ នៅពេលនេះក្រុមជំនាញកំពុងតែត្រៀមបំផ្លាញអគារដែលនៅសេសសល់ ដោយសារតែ អគារមិនមានសុវត្ថិភាពទៀតឡើយ។
ក្រុមជួយសង្គ្រោះនិងពន្លត់អគ្គិភ័យ តំបន់ Miami Dade លោក Raide Jadallah បានឱ្យដឹងថា សកម្មភាពស្វែងរកអ្នកដែលបាត់ខ្លួននឹងត្រូវផ្អាកដោយសារតែ ក្រុមជំនាញបានដាក់រំសេវដើម្បីបំផ្ទុះបំផ្លាញអគារដែលនៅសេសសល់ ។
ការបំផ្លាញកើតឡើងក្រោយពេលដែលពលរដ្ឋបង្ហាញពីក្តីបារម្ភខ្លាចអគារ Champlain Towers South នឹងបាក់ស្រុតក្នុងពេលណាមួយអាចបង្កគ្រោះថ្នាក់ ពិសេសគឺក្នុងពេលព្យុះ Elsa វាយប្រហារចូលមកដល់ដោយមានល្បឿនខ្យល់ខ្លាំង ។
ចំពោះស្ថានភាពខាងលើ អភិបាលរដ្ឋ Florida លោក Ron Desantis បានឱ្យដឹងថា ការបំផ្លាញអគារដែលមិនមានសុវត្ថិភាពគឺជារឿងចាំបាច់បំផុត ដែលត្រូវធ្វើឲ្យបានឆាប់បំផុត។
សារព័ត៌មានAP បានផ្សាយថា ក្រុមជួយសង្គ្រោះ នៅថ្ងៃទី ៣ខែកក្កដា(ពេលវេលាអាមេរិក) បានរកឃើញសាកសពមនុស្ស២នាក់បន្ថែមទៀត ធ្វើឲ្យអ្នកស្លាប់សរុបកើនឡើងដល់ទៅ២៤នាក់ហើយ។ ជាមួយគ្នានេះក៏មានមនុស្ស១២១នាក់នៅបាត់ខ្លួននៅឡើយ ៕ដោយ៖ ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖