ខេត្តកណ្ដាល៖ ឃ្លាំងស្តុកប្រេងមួយកន្លែង ដែលបានរងនូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនោះ ឥឡូវនេះបានរលត់ទៅវិញទាំងស្រុងហើយនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែឆ្នាំដដែលបន្ទាប់ពីប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៤គ្រឿង , រថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន៤គ្រឿង និងរថយន្តក្រសួងមហាផ្ទៃចំនួន៤គ្រឿង ។
សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ជាទីតាំងស្តុកប្រេង របស់ចែ ឡៃ ផេង។ ពេលកើតហេតុសមត្ថកិច្ចអាជ្ញាធរស្រុកស្អាង ក៏ដូចជាកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនឹងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅកាន់កន្លែងកើតហេតុជាបន្តបន្ទាប់ដើម្បីជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងតែឆេះដ៏សន្ធោសន្ធៅនេះ ចៀសវាងមានការរាលដាលប៉ះពាល់ទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ ទីបំផុតភ្លើងបានរលត់ និងមិនបានឆ្លងរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ អ្នកជិតខាងនោះឡើយ។
ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់អំពីមូលហេតុ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ដោយបុគ្គលិកដោតឌុយផ្សារដែកក៏បែកផ្កាភ្លើងឆាបឆេះរាលដាលតែម្តង។ សម្ភារក្នុងឃ្លាំងខូចខាតទាំងស្រុង ជាមួយនឹងប្រេងប្រមាណជា១មុឺនលីត្រផងដែរ។
វត្តមានរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលកំពុងដឹកនាំកម្លាំងដោយផ្ទាល់ដើម្បីធ្វើការពន្លត់អគ្គិភ័យខាងលើនេះ ដោយយកចិត្តទុកដាក់បំផុត ហើយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញការចុះមកបញ្ជាផ្ទាល់ឈានដល់ភ្លើងរលត់អស់និងមិនមានគ្រោះថ្នាក់ដល់ពួគគាត់ ៕
ដោយ៖ ស្អាង ជ័យ