ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ ! ប្រជាពលរដ្ឋ១០នាក់ស្លាប់ដោយសារពុលស្រា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

ចែករំលែក៖

 ខេត្តកំពត៖ ប្រជាពលរដ្ឋប្រុស ស្រី ១០ នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតកំពុងទទួលការសង្គ្រោះ ពីក្រុមគ្រូពេទ្យ ដោយសារផឹកស្រាសកំដររោងបុណ្យសព ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ត កំពត។

ការពុលស្រាសនេះ ជាលើកទីពីរ សម្រាប់អ្នកស្រុកកំពង់ត្រាច អំឡុងពេលជាងមួយខែ ចំពោះផលិតផលស្រាសដែលគ្មានជំនាញ ត្រួតពិនិត្យឱ្យបាត្រឹមត្រូវ។

  នាយប៉ុស្តិ៍រដ្ឋបាលស្វាយទងខាងត្បូង លោក ឆា គង់ បានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់លោក ចំនួន១០នាក់ ក្នុងនោះស្រី៧នាក់ បានស្លាប់ ដោយសារ តែនាំគ្នាផឹកស្រាស។ លោកនាយប៉ុស្តិ៍បានបន្តថា កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ មានស្រ្តីម្នាក់បានស្លាប់ បន្ទាប់ពីធ្វើ ការរួចចូលទិញស្រាផឹក។ ក្រោយមកអ្នកភូមិដែលទៅកំដរបុណ្យ សព ក៏នាំគ្នាផឹកស្រា រហូតមានហេតុការណ៍ពុលពេញរោងតែម្តង ដោយអ្នកខ្លះបានស្លាប់នៅផ្ទះ ហើយអ្នកខ្លះទៀត ស្លាប់នៅគ្លីនិកឯកជន និង ខ្លះស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុក។

លោក ឆា គង់ បានថ្លែងថា ក្រៅពីអ្នកស្លាប់ទាំង១០នាក់ គិតត្រឹម ម៉ោង១០ និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នេះ នៅមានអ្នករងគ្រោះ ១១នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តកំពត បានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ 

បន្ទាប់ពីចុះដល់ទីតាំងកើតហេតុ មន្រ្តីជំនាញបានសាកសួរ និងទទួលបានព័ត៌មានថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់បាត់បង់ជីវិតចំនួន ០៩នាក់ និង១២នាក់ផ្សេងទៀត ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដំណាក់ចង្អើរ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា។

 បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញបានប្រមូលសំណាកគំរូស្រាស និងស្រាថ្នាំដែលមានសេសសល់នៅផ្ទះជនរងគ្រោះនិងទីតាំងលក់ស្រាស និងស្រាថ្នាំ និងបន្តចុះស្រាវជ្រាវដល់កន្លែងផលិតស្រា ដែលស្ថិតនៅខាងជើងវត្តអង្គដំបងដែក ស្ថិតក្នុងភូមិតាក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។

សំណាកគំរូទាំងអស់ដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។

អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងការយកសារធាតុផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖