ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហៃទីរងការធ្វើឃាតនៅក្នុងផ្ទះ

ចែករំលែក៖

ក្រុមជនមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារផ្ទះរបស់ប្រធានាធិបតី Jovenel Moise ទាំងកណ្តាលយប់ដោយបានសម្លាប់ប្រធានាធិបតី ។
ព័ត៌មានខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Claude Joseph ប្រកាសនៅយប់ថ្ងៃទី៧ខែកក្កដា ។ ចំណែកភរិយារបស់ប្រធានាធិបតីហៃទីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យរួចហើយ។
ចំពោះមុខស្ថានការណ៍នេះ លោក Joseph បានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ កុំចលាចល ដោយលោកអះអាងថា កងកម្លាំងប៉ូលិស និងយោធានឹងធានាសន្តិសុខជូនប្រទេសជាតិ។
គួរបញ្ជាក់ថា ការធ្វើឃាតប្រធានាធិបតីហៃទីនេះបានកើតមានឡើងស្របពេលដែលប្រទេសដ៏ក្រីក្រជាប់តំបន់សមុទ្រការីបៀនមួយនេះកំពុងជួបការកើនឡើងនូវអំពើហិង្សា វិបត្តិស្បៀងអាហារ និងភ័យខ្លាចអំពីភាពចលាចលជារៀងរាល់ថ្ងៃ ព្រោះតែការអូសបន្លាយនៃវិបត្តិនយោបាយ ព្រមទាំងការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។
លោក Jovenal Moise បានទទួលមរណភាពនៅអាយុ៥៣ឆ្នាំ ក្នុងនាមជាប្រធានាធិបតីទី៥៨ របស់ប្រទេសហៃទី។

អតីតសហគ្រិនរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។កាលពីអំឡុងឆ្នាំ២០១៩ លោកក៏ធ្លាប់ត្រូវបានក្រុមប្រឆាំងប៉ុនប៉ងទម្លាក់ចេញពីតំណែងផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយចាប់តាំងពីពេលនោះមក វិបត្តិនយោបាយដ៏ក្តៅគគុក ក៏បានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន៕ដោយ៖ ធីរីណា

ប្រធានាធិបតី Moise និងស្ត្រីទីមួយ Martine ។ (រូបភាព៖ Getty)


ចែករំលែក៖