ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបៗចំនួន៩គ្រឿង ដឹកឈើលេខ១ប្រភេទសុក្រំ ចេញពីស្រុកសង្គមថ្មី ទៅខេត្តកំពង់ធំ ហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាប(មានវីដេអូ)

ចែករំលែក៖

ខេត្តព្រះវិហារ ​៖ តាមសេចក្តីរាយការណ៍ដ៏ច្បាស់ការណ៍បានឱ្យដឹងថា មិនថាពេលយប់ឬពេលថ្ងៃ គេតែងសង្គេតឃើញរថយន្តស៊េរីទំនើបៗ ម៉ាកធុនត្រា ម៉ាកសុីណា ម៉ាស្តានឹងម៉ាកហ្វដ ពណ៌ត្រេអុី ដឹកឈើលេខ១ ប្រភេទសុក្រំ នឹងឈើឈ្លីក ចេញពីចំណុចភូមិសុច ភូមិតាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ដឹកទៅខេត្តកំពង់ធំបានយ៉ាងរលូន ប៉ុន្តែសមត្ថកិច្ចចម្រុះមានអាវុធហត្ថ នគរបាល នឹង បរិស្ថាន នៅចំនុចខ្នាថ្មី ជាប់ព្រំប្រទល់ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាល័ង្គ សប្បាយរាប់ក្បាលឡានយកលុយច្រកហោប៉ៅ ដោយមិនខ្វល់ពីការិះគន់របស់ប្រជាពលរដ្ឋឡើយ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែកក្តដានេះ មានរថយន្តស៊េរីទំនើបចំនួន៤គ្រឿងដឹកឈើចេញពីចំណុចភូមិសុច ចេញតាមសែងយកទៅលក់នៅឯខេត្តកំពង់ធំបានយ៉ាងរលូន សមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធអត់បង្ក្រាបនោះទេ ។
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី បានឱ្យដឹងថា មេឈ្មួញដុះស្លែ ឈ្មោះភ័ក្រ តែងតែទំនាក់ទំនងល្អជាមួយលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង ជាប់ព្រំប្រទល់ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាល័ង្គ នឹងលោក មឿង សំផុន នាយកភ្នំត្បែង រួមទាំងសមត្ថកិច្ចដ៍ទៃទៀត ដូចជាមេព្រៃសង្កាត់សង្គមថ្មី អាវុធហត្ថ នឹងនគរបាលដែលប្រចាំការនៅចំណុចខាងលើ ដើម្បីឱ្យរថយន្តដឹកឈើខុសច្បា
ប់របស់ពួកគេដំណើរការទៅបានយ៉ាងរលូន ពេលខ្លះពួកគេដឹកឈើទាំងថ្ងៃក៏មាន ។ ចំណែកប្រជាជនដឹកឈើតាមគោយន្តកន្ត្រៃយកមកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចចាប់ផាកពិន័យដោយមិនមានការលើកលែងទេ ឬដោយសារពួកគាត់មិនមានលុយសូកប៉ាន់អស់លោកជំនាញទាំងនោះ ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរាយការណ៍ថា ឈើប្រភេទលេខ១ សុក្រំនឹងឈើឈ្លីក ត្រូវបានមេឈ្មួញឈ្មោះភ័ក្រ រៀបចំដៃជើងបញ្ចុះបញ្ចូលឱ្យប្រជាជនឡើងទៅកាប់ឈើនៅលើកំពូលភ្នំត្បែង ដែលជាភ្នំត្រូវបានចុះបញ្ជីជាបេតិកភណ្ឌជាតិ ដែលមានលោក មឿង សំផុន ជានាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែង មើលរំលងការកាប់បំផ្លាញព្រៃឈើភ្នំត្បែងការដែលប្រជាពលរដ្ឋឡើងទៅអារ កាប់ឈើនៅលើកំពូលភ្នំត្បែងទៅបានដោយសារការបើកដៃពីសំណាក់បរិស្ថានការពារព្រៃឈើភ្នំត្បែងផងដែរ ។

ចំណែកប្រភពពីសមត្ថកិច្ចមួយចំនួនបានលួចបង្ហើបឱ្យដឹងថា ពីមួយខែមុន រថយន្តមេឈ្មួញឈ្មោះភ័ក្រ មានតែ ៦គ្រឿងទេ ហើយហ៊ានដឹកឈើតែពេលយប់ ឥឡូវថែមរថយន្តមកចំនួន៣គ្រឿងទៀត ទាំងអស់៩គ្រឿងដឹកឈើទាំងថ្ងៃទាំងយប់បានយ៉ាងរលូន ។

ពាក់ពន្ឋ័នឹកការបើកដៃឱ្យរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ភ័ក្រ ដឹកទាំងយប់ទាំងថ្ងៃគ្មានការបង្ក្រាបបែបនេះ លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី នឹងជាប្រធានគណៈបញ្ជាការស្រុកសង្គមថ្មីបានឆ្លើយថា លោកអត់បានដឹងទេ អរគុណដល់អ្នកសារព័ត៌មាន ដែលបានរាយការណ៍ជូនលោក ។
លោក មាស ញឹម នាយកព្រៃឡង់នឹងភ្នំត្នោត បានបញ្ជាក់ថា លោកមិនបានដឹងរឿងដឹកឈើទាំងថ្ងៃទាំងយប់របស់មេឈ្មួញឈ្នោះ ភ័ក្រ ទេ ដោយសារលោកជាប់រវល់ការងារច្រើនពេក ។

ចំណែកលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា លោកមិនដែលបានដឹងទាល់តែសោះ ចាំលោកសួរទៅកូនចៅក្រោមឱវាទសិន ៕

ដោយ ៖ អ្នកប្រមាញ់


ចែករំលែក៖