ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនដល់មន្រ្តីនរគរបាល នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៩នាក់ បានជាសះស្បើយចំនួន ១៥នាក់ នៅសល់ ០៤នាក់ កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា និង គ្លីនិកអមរា ស្រុកព្រៃនប់ សរុបទាំងអស់ ១៩លានរៀល (ក្នុងម្នាក់ទទួល បាន១លានរៀល)។ដោយឡែកលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ ដល់មន្ត្រីនគរបាលទាំង១៩នាក់ ក្នុងមួយនាក់ ១លានរៀល សរុបទាំងអស់ ១៩លានរៀលផងដែរ។ គិតជាទឹកប្រាក់សរុបទាំងអស់មានចំនួន ៣៨លានរៀល។លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងនាមលោកតំណាងឱ្យ មន្រ្តីនគរបាលទាំង១៩នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ព្រមទាំងលោក គួច ចំរើន អភិបាល និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈសុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕
ដោយ៖សហការី