ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការដឹកនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។
ជាក់ស្ដែងរបៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យវឌ្ឍនភាពនៃការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង ឯកសារគតិយុត្តិដែលស្ថិតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តិមួយចំនួនទៀត និងស្តាប់អំពីលទ្ធផលនៃការចុះអនុវត្តច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដោយរួមទាំងការអនុវត្តវិធានការណ៍ពិន័យអន្តរការណ៍ចំពោះអំពើល្មើស ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាព ឱ្យបណ្តានាយកដ្ឋាន និងសាខាក្រោមឱវាទអនុវត្ត ដើម្បីជម្រុញឱ្យការងារកសាង និងអនុវត្តបទប្បញ្ញត្តិនានាទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖សហការី