ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនជនពិការដែលមានវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក មុត ពិសី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅតំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃចន្ទ ៣កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនបងប្អូនជនពិការដែលមានវិជ្ជមានជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីរៈជនពិការភ្នែកសមាគមតន្ត្រីសំនៀងជនពិការសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកអនុប្រធានសាខាកាកបាទក្រហមខណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធាកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង និងចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម៖

*៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ព១ម៉ែត្រកន្លះឡើងទៅ ) ។

*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

ក្នុង​អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ចំនួន២០បាវ មី២០កេស និងទឹកសុីអ៊ីវ២០យួរ៕

ដោយ​៖សហការី​


ចែករំលែក៖