ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនអ្នកបើករថយន្តបុកកម្មករប្រមូលសំរាម ២នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ នេត នីសា ភេទប្រុស មុខរបរ នៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា កម្មករប្រមូលសំរាម២នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈកំពុងប្រមូលសំរាមនៅតាមដងផ្លូវត្រូវរថយន្តបើកទៅបុកពីក្រោយប៉ើងជាច្រើនម៉ែត្រ ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង ១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ១.ឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)។

២.ឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង (ស្លាប់)។

៣.ឈ្មោះ ឌួង គង់ អាយុ ៤០ឆ្នាំជាង មានស្រុកកំណើតនៅខេត្តព្រៃវែង (រងរបួសធ្ងន់)

អ្នកទាំងបីស្នាក់នៅបន្ទប់ជួលនៅបឹងតាម៉ាត និងមានមុខរបរជាអ្នកប្រមូលសំរាមឲ្យក្រុមហ៊ុន MIZUDA ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ក្បាលពណ៌ស ពាក់ស្លាកលេខ 2IT-1093 កំពុងតែប្រមូលសំរាមនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈប្រមូលមកដល់ចំណុចកើតហេតុជាប់នឹងផ្សាពោធិ៍ចិនតុង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហុងដា CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4634 បើកបរដោយយុវជនម្នាក់ និមានអ្នករួមដំណើរជាមួយច្រើននាក់ បានបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្របទិសគ្នាមកបុកពីក្រោយចំយុវជន៣នាក់ដែលកំពុងប្រមូលសំរាមប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់។ ចំណែកឯក្រុមយុវជននៅក្នុងរថយន្តបង្កបានបើកទ្វាររត់បាត់អស់ឃាត់បានតែរថយន្តនិងអ្នកបើកបរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖