ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខ ស្ទឹងត្រែង 2B.4545 របស់លោកអនុប្រធាន ភូមិបាល ស្រុកសៀមប៉ាងម្នាក់ ត្រូវបានជនអនាមិកលួចដុត !

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រថយន្តអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាល ស្រុកសៀមប៉ាង មួយគ្រឿង ត្រូវបានជន អនាមិកលួច ដុត បណ្ដាលឱ្យ ឆេះ យ៉ាង សន្ធោសន្ធៅ កាលពីរំលង អធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១  នៅផ្នែកខាងកាប៊ីនមុខ ខាងចង្កូត។ 

សូមបញ្ជាក់ថា,  សមត្ថកិច្ច បាន ប្រាប់ ឲ្យ ដឹងថាៈ រថយន្ត ដែលរងនូវការឆាបឆេះ នោះ ម៉ាក តូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខ ស្ទឹងត្រែង 2B.4545 ម្ចាស់របស់ឈ្មោះ ឈា ប៊ុនឡា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មភូមិបាល ស្រុកសៀមប៉ាង ។ 

 តាមការបញ្ជាក់ របស់ជនរងគ្រោះ បានប្រាប់ សមត្ថកិច្ចឲ្យដឹងថា កាលពីវេលា ម៉ោង ប្រមាណ ១ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែកក្កដា នោះ មាន សំឡេង ស្នូរផ្ទុះដូចជាផ្ទុះ កំប៉ុង ហើយ គាត់ក៏ភ្ញាក់ចេញមកមើល ក៏ ឃើញភ្លើងឆេះរថយន្តផ្ទៃ ខាងក្នុងយ៉ាងសន្ធោសន្ធៅ ហើយក៏នាំគ្នាបាញ់ទឹក ពន្លត់រហូតរលត់អស់ ។ ចំពោះករណីនេះដែរលោកមិនបាន រាយការណ៍ដល់ សមត្ថកិច្ចភ្លាមៗនោះឡើយ ។ 

 លុះដល់ពេលព្រឹក ថ្ងៃទី ១២ ខែកក្កដា សមត្ថកិច្ច បានទទួល ព័ត៌មាននេះ កម្លាំង ជំនាញ ក៏បានចុះពិនិត្យនៅផ្ទះ ជនរងគ្រោះ និង តាមការសន្និដ្ឋាន របស់ អ្នកជំនាញ គឺមានជនសង្ស័យមិនស្គាល់ អត្តសញ្ញាណលួចដុត ។ ករណីនេះ កម្លាំងជំនាញ និងប៉ុស្តិ៍កំពុងបើក ការស៊ើបអង្កេត ស្រាវជ្រាវរកជនបង្ក មក ផ្ដន្ទាទោស តាមច្បាប់ ។ 

 សូមបញ្ជាក់ថា ពេលសមត្ថកិច្ចចុះទៅពិនិត្យ សាកសួរ បំភ្លឺពីម្ចាស់ផ្ទះ ឃើញ ដបទឹកសុទ្ធ ចំណុះ ១,៥ លីត្រ ដែលមានសល់ ប្រេងសាំងខ្លះ ។

 សមត្ថកិច្ច សន្និដ្ឋានថានេះ គឺជាភស្តុតាង ដែល ជនអនាមិក បានលួចដុតរថយន្តនោះ។

អំពើនៃបទល្មើសនេះ ទោះបីជាសមត្ថកិច្ចមិនទាន់បានធ្វើការសន្និដ្ឋានបានអំពីអត្តសញ្ញាណនៃជនសង្ស័យ ប្រព្រឹត្តក្នុងរឿងគំនុំ ឬជាដៃគូរកស៊ី ឬបញ្ហារាំងស្ទះឯកសារណាមួយយ៉ាងណាក៏ដោយ ប៉ុន្តែអំពើនេះជាបទល្មើសជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌ត្រូវបើកការស៊ើបអង្កេតដើម្បីស្វែងរកជនបង្កហេតុ យកមកធ្វើការផ្តន្ទាទោស ហើយក៏អាចដឹងថាបទល្មើសនេះកើតឡើងដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ៕

ដោយ ៖ សិលា


ចែករំលែក៖