អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចុះផ្សាយថា ជនសង្ស័យចំនួន ៥នាក់ ត្រូវបានក្រុមប៉ូលិសសន្តិសុខជាតិហុងកុង ឃាត់ខ្លួនពួកគេ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគម្រោងបំផ្ទុះគ្រាប់បែក នៅក្នុងតំបន់សេដ្ឋកិច្ចស្វយ័តពិសេសរបស់ចិនមួយនេះ។
បើតាមប៉ូលិសហុងកុង បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើ ក្នុងនោះមានបុរស ៤នាក់ និងស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនក្រោមបទសង្ស័យថាបានសមគំនិតក្នុងផែនការធ្វើសកម្មភាព ភេរវកម្ម ហើយការចាប់ខ្លួននេះធ្វើឡើងក្រោមច្បាប់សន្តិសុខជាតិថ្មី។
បន្ថែមពីនេះ កាលពីថ្ងៃចន្ទទី១២ ខែកក្កដាម្សិលមិញនេះ ប៉ូលិសហុងកុង បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការស៊ើបអង្កេតកំពុងបន្តធ្វើឡើងនៅឡើយ ដូច្នេះការចាប់ខ្លួនជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីនេះអាចនឹងធ្វើបន្តទៀតក៏ថាបាន។
គួរបញ្ជាក់ថា ប៉ូលិសហុងកុង កាលពីសប្ដាហ៍មុន ក៏បានឃាត់ខ្លួនមនុស្ស៩នាក់ផងដែរ ក្នុងនោះមាននិស្សិត ៦នាក់ ដោយចោទប្រកាន់ថាមានផែនការផលិតកែច្នៃ និងបំផ្ទុះ គ្រាប់បែកនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីរកឃើញឧបករណ៍កែច្នៃគ្រាប់បែក និងសារធាតុផ្ទុះមួយចំនួន៕
ដោយ៖ស តារា