ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសហុងកុង៖​ បន្តឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធ​រៀបចំផែនការបំផ្ទុះគ្រាប់បែក

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១​ បានចុះផ្សាយថា​​ ជនសង្ស័យ​ចំនួន​ ៥នាក់​ ត្រូវ​បានក្រុមប៉ូលិសសន្តិសុខជាតិហុងកុង​ ឃាត់ខ្លួនពួកគេ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគម្រោងបំផ្ទុះគ្រាប់បែក នៅក្នុងតំបន់សេដ្ឋកិច្ចស្វយ័តពិសេសរបស់ចិនមួយនេះ។

បើតាមប៉ូលិសហុងកុង បានបញ្ជាក់ថា​ ជនសង្ស័យទាំង៥នាក់ខាងលើ ក្នុងនោះមានបុរស ៤នាក់ និងស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនក្រោមបទសង្ស័យថាបានសមគំនិតក្នុងផែនការធ្វើសកម្មភាព ភេរវកម្ម ហើយការចាប់ខ្លួននេះធ្វើឡើងក្រោមច្បាប់សន្តិសុខជាតិថ្មី។

បន្ថែមពីនេះ​ កាលពីថ្ងៃចន្ទទី១២​ ខែកក្កដា​ម្សិលមិញនេះ​ ប៉ូលិសហុងកុង​ បានបញ្ជាក់បន្ថែមថា​ ប្រតិបត្តិការស៊ើបអង្កេតកំពុងបន្តធ្វើឡើងនៅឡើយ ដូច្នេះការចាប់ខ្លួនជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីនេះអាចនឹងធ្វើបន្តទៀតក៏ថាបាន។

គួរបញ្ជាក់ថា ប៉ូលិសហុងកុង​ កាលពីសប្ដាហ៍មុន ក៏បានឃាត់ខ្លួនមនុស្ស៩នាក់ផងដែរ ក្នុងនោះមាននិស្សិត ៦នាក់ ដោយចោទប្រកាន់ថាមានផែនការផលិតកែច្នៃ និងបំផ្ទុះ គ្រាប់បែកនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីរកឃើញឧបករណ៍កែច្នៃគ្រាប់បែក និងសារធាតុផ្ទុះមួយចំនួន៕

ដោយ​៖ស​ តារា​


ចែករំលែក៖