ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ និងអាចយកមកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួនដែលបានរៀបចំនៅតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ធនៈនានាក្នុងរាជធានីភ្នំពេញ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានបានដាក់ធុងប្រមូលសំណល់ថ្មពិលចំនួន ១២ធុងនៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលសំណល់ថ្មពិលយកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេសនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្មពិលចាស់ៗដែលលែងប្រើ។ 

  រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំដាក់ធុងប្រមូលសំណល់ថ្មពិល  គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយសំណល់ធម្មតា ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។ លោក បានថ្លែងថា ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាននឹងយកសំណល់ថ្មពិលដែលប្រមូលបាន ទៅរក្សាទុកនៅទីលានទុកដាក់សំណល់ ដែលបានរៀបចំតាមលក្ខណះបច្ចេកទេសដើម្បីការគ្រប់គ្រងប្រកបដោយសុវត្តិភាពបរិស្ថានខ្ពស់ និងសិក្សាពីការទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះមកប្រើប្រាស់វិញ»។ 

  ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់អវិជ្ជមាន ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលចំនួន ១២ នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោត្ដមម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។ ក្រសួងបរិស្ថាននឹងបន្តដាក់ធុងសំណល់ថ្មពិលបន្ថែមនៅតាមទីតាំងផ្សេងទៀតដូចជានៅផ្សារម៉ាក្រូ អុីអន និងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនទៀតដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយកសំណល់ថ្មពិលមកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ដោយប្រមូលសំណល់ថ្មពិលយកមកទុកដាក់អោយបានត្រឹមត្រូវ។ មន្ត្រីជំនាញនឹងចុះប្រមូលសំណល់ថ្មពិលដែលពលរដ្ឋយកមកដាក់នេះមួយសបា្តហ៍ម្តង។ 

  លោក សុផល អាឡាស្កា ប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានបានថ្លែងថា សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសំណល់នេះមានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬ បោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កឱ្យមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស មានដូចជា៖ (១)បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង (២)បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ (៣)បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា (៤)បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី (៥)បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ។ 

  តាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រាជធានីភ្នំពេញជាចំណុចផ្ដើមនៃការផ្សព្វផ្សាយ និងប្រមូល និងគ្រប់គ្រងសំណល់ថ្មពិលរបស់ក្រសួងបរិស្ថាន។ លោករដ្ឋលេខាធិការបានថ្លែងថា បន្ទាប់ពីរាជធានីភ្នំពេញ ក្រសួងបរិស្ថាននឹងពង្រីកការប្រមូលសំណល់ថ្មពិលនេះទៅតាមខេត្តបីទៀតផ្សេងទៀតជាអាទិភាពដែលរួមមានខេត្តសៀមរាប ខេត្តបាត់ដំបង  និងខេត្តព្រះសីហនុ និងពង្រីកទៅកាន់ខេត្តផ្សេងទៀត។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានស្នើសុំឱ្យម្ចាស់ទីតាំងអាជីវកម្មនានាក្នុងនោះមានផ្សារទំនើប ស្ថានីយប្រឹងឥន្ធនៈ និងបុរីលំនៅដ្ឋាននៅតាមបណ្តាខេត្តនានាចូលរួមជាមួយក្រសួងបរិស្ថានដើម្បីគ្រប់គ្រងនិងប្រមូលសំណល់ថ្មពិលនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមញែកសំណល់ទៅតាមប្រភេទ ហើយសំណល់ថ្មពិលដែលជាសំណល់គ្រោះថ្នាក់សូមទុកដាក់ឱ្យបានត្រឹមត្រូវ និងយកមកដាក់នៅតាមធុងដែលក្រសួងបរិស្ថានបានរៀបចំ។ 

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើងគ្មានសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះឱ្យបានទូលំទូលាយ៕

ដោយ ៖ សិលា


ចែករំលែក៖