ខេត្តបាត់ដំបង៖ សាកសពស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសង្កែ សង្ស័យជាករណីស្រវឹងស្រាហែលទឹកលេងបណ្តាលឲ្យលង់ស្លាប់។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុចខាងមុខវេទិកាអុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សាកសពស្ត្រីខាងលើស្ថិតក្នុងសភាពអាក្រាតអត់ខោ ត្រូវបានគេស្គាល់ថាឈ្មោះ ដា អាយុ ប្រហែលជិត ៤០ឆ្នាំ រស់នៅក្នុងរ៉ាជង្រុក ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីអ្នកជិតខាងបានអោយដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាញឹកញាប់ ហើយពេលស្រវឹងស្រាម្តងៗរករឿងឈ្លោះនឹងប្តី និងបានព្យាយាមលោតទឹកសម្លាប់ខ្លួនម្តងដែរតែត្រូវបានគេជួយទាន់ លុះ២ខែចុងក្រោយមកដោយសារប្តីស៊ូទ្រាំនឹងការរករឿងពីប្រពន្ធមិនបានក៏បែកផ្លូវគ្នារហូតដល់ថ្ងៃកើតហេតុតែម្តង។
ប្រភពប្រជាពលរដ្ឋដែលធ្លាប់ស្គាល់នារីរងគ្រោះបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា កន្លងមកគេបានឃើញជនរងគ្រោះចុះងូតទឹកស្ទឹង និងបោកខោអាវ នៅក្បែរគល់ស្ពានសម្តេចក្រឡាហោម ស ខេង លុះបោកខោអាវរួច សង្ស័យស្រវឹងស្រាផង ស្ត្រីខាងលើបានហែលទឹកលេងលុះដល់កណ្តាលស្ទឹងក៏អស់កម្លាំងស្រែកឲ្យគេឯងជួយរួចបានលិចទៅក្នុងទឹកបាត់តែម្តង រហូតព្រឹកឡើងទើបអ្នកហាត់ប្រាណប្រទះឃើញសាកសពអណ្តែតឡើងតែម្តង។
ភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ រួចសម្រេចដឹកសាកសពយកតម្កល់ទុកនៅឯវត្តបច្ឆាដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា