ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត

ចែករំលែក៖

ខេត្តព្រះវិហា៖ យោងតាមរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, រដ្ឋបាលខេត្តព្រះវិហារ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ដោយបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើ៣ក្រុង ស្រុក រួមមាន ស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង។

នាឱកាសនោះ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត អមដំណើរដោយលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលកំពុងចាក់ជូនប្រជាពលរដ្ឋ ។

លោកស្រី ប៉ាង រ៉ាវី និងលោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំដល់ប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ពិសេសគឺត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា នៅតាមទីតាំងនានា ដែលបានកំណត់សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុករវៀង ប្រជាពលរដ្ឋបាននាំគ្នាមកទទួលការ ចាក់វ៉ាក់សាំង ដែលករណីនេះបង្ហាញឲ្យឃើញពីការចូលរួមគាំទ្រចំពោះយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖