ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីប៊ូសបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលអាមេរិកប្រញាប់ដកទាហានចេញពីអាហ្វហ្គានីស្ថាន

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក George W. Bush ដែលជាអ្នកនាំទាហានអាមេរិកវាយប្រហារអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ បានថ្កោលទោសដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន ដែលប្រញាប់ដកទាហានចេញពីអាហ្វហ្គានីស្ថាន ក្រោយការធ្វើសង្គ្រាម២ទសវត្សរ៍មិនមានលទ្ធផល។

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាល្លឺម៉ង់ DW អតីតប្រធានាធិបតីប៊ូសបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងដល់ស្ត្រី ក្មេងស្រី និងអ្នកបកប្រែឲ្យទាហានអាមេរិកនៅក្នុងទឹកដីអាហ្វហ្គានីស្ថាននឹងត្រូវទទួលលទ្ធផលអាក្រក់ក្រោយក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសនោះ។
លោកប៊ូសបញ្ជាក់ថា «ពួកគេនឹងត្រូវបន្សល់នៅខាងក្រោយ ហើយនឹងត្រូវប្រឈមនឹងអំពើព្រៃផ្សៃពីមនុស្សយង់ឃ្នង(តាលីបង់) ។ ទាំងនោះហើយបានធ្វើឲ្យបេះដូងខ្ញុំឈឺចាប់យ៉ាងខ្លាំង»។
ការលើកឡើងខាងលើរបស់អតីតប្រធានាធិបតីប៊ូស ក្រោយពេលប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសដកទាហានចេញពីអាហ្វហ្គានីស្ថានទាំងអស់នៅចុងខែសីហាខាងមុខ។ កន្លងមកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានឡើងគម្រោងដកទាហានអាមេរិក ចេញពីអាហ្វហ្គានីស្ថាននៅក្នុងខែឧសភាឆ្នាំ២០២១ផងដែរ ។ ប៉ុន្តែគម្រោងនោះត្រូវបានប្រធានាធិបតីថ្មី ពន្យារពេលរហូតដល់ចុងខែសីហា។
អតីតប្រធានាធិបតី ប៊ូស បានចាត់ទុកការដកទាហានចេញពីអាហ្វហ្គានីស្ថានរបស់បណ្តាប្រទេសលោកខាងលិច គឺជាកំហុសយ៉ាងធំធេង និងបង្កឲ្យមានលទ្ធផលអាក្រក់ដែលមិនអាចនឹកស្មានដល់។
ក្រុមតាលីបង់បានដឹកនាំអាហ្វហ្គានីស្ថានតាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១ ត្រូវអាមេរិកផ្តួលរំលំ ក្រោមការដឹកនាំរបស់លោកប៊ូស ។ នៅក្នុងពេលនោះលោក
ប៊ូសបញ្ជាឱ្យវាយប្រហារដោយមីស៊ីល ទម្លាក់គ្រាប់បែកជាការសងសឹកដល់សកម្មភាពវាយប្រហារភេរវកម្មទៅលើអគារភ្លោះខ្ពស់ជាងគេបំផុតលើពិភពលោកក្នុងពេលនោះ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTC នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១៕

ដោយ៖ធីរីណា(រូបថត៖Reuters +TTXVN)


ចែករំលែក៖