ភ្នំពេញ៖ រថយន្តមួយគ្រឿងត្រូវអ្នកបើកៗបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នធ្វើឱ្យម៉ូតូមួយគ្រឿងជ្រុលល្បឿនមកបុកយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសបាក់ជេីងខាងឆ្វេង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី៨ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ គង់ រដ្ឋនា អាយុ២១ឆ្នាំ មានស្រុកកំណេីតនៅភូមិល្បេីក ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
រីឯជនរងគ្រោះម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយទេ។ ចំណែកឯម្ចាស់រថយន្តមានឈ្មោះ ឡន នូច អាយុ២៧ឆ្នាំ មានស្រុកកំណេីតនៅភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1B-3159 ជិះគ្នា ២នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7188 បេីកបរតាមបណ្តោយផ្លូវជាតិលេខ6Aដូចគ្នាក្នុងទិសដៅពីជេីងទៅត្បូង ដោយរថយន្តបានបត់ឆ្វេងដៃខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀតរងរបួសបាក់ជេីងខាងឆ្វេង។
ក្រោយពេលកេីតហេតុ បុរសជាម្ចាស់រថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ហេីយសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជេីងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសពរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ រ៉ារ៉ា