ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារការស្រេកឃ្លានលោកយាយវ័យ៧០ឆ្នាំបង្ខំចិត្តចុះទៅជញ្ជាត់ត្រី ក្នុងទឹកស្ទឹងប៉ះចំម៉ូទ័របូមទឹកធ្វើឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពិតជាអាណោចអាធ័ម ខ្លោចផ្សាបំផុតដែលលោកយាយវ័យ៧០ឆ្នាំទៅហើយចុះទៅជញ្ជាត់ត្រី ក្នុងទឹកស្ទឹងហើយចៃដន្យប៉ះចំម៉ូទ័របូមទឹកបណ្ដាលឱ្យឆក់ស្លាប់ ខណ:ដែលគាត់ខំរកវិធីចិញ្ចឹមជីវិតទាំងវ័យចាស់ជរាដើម្បីដោះស្រាយបញ្ហាក្រពះ។ 

ករណីនេះកើតឡើងនៅស្រុកកំរៀង កាលពីថ្ងៃសៅរ៍ ៨ កើតខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី។

សមត្ថកិច្ចបានឱ្យដឹងថា សពលោកយាយមានឈ្មោះ កុយ ហុីម អាយុ៧០ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរនៅផ្ទះ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  តាមការបំភ្លឺរបស់ឈ្មោះ ហ៊ន ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាចៅ(សព)បានឱ្យដឹងថាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៤និង៤០នាទីខ្លួននៅផ្ទះរបស់ខ្លួនហើយបានឮសំឡេងក្មេងៗស្រែកថាយាយហុីមលង់ទឹកហើយ ខ្លួនក៏ទៅមើលក្នុងទឹកស្ទឹងក៏ស្រាប់តែឃើញយាយរបស់ខ្លួននៅក្នុងទឹក ពេលនោះពូរបស់ខ្លួនឈ្មោះស្រៀវ អាយុ៥៧ឆ្នាំដែលកំពុងលើកលោកយាយមកលើគោកក៏ត្រូវម៉ូទ័របូមទឹករបស់ឈ្មោះ ហួត ហេង ឆក់ដែរ តែគាត់រំដោះខ្លួនទាន់។ឈ្មោះហួត ហេង  ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើគឺជាម្ចាស់ម៉ូទ័របូមទឹកនោះ។

ពេលពិនិត្យសពសមត្ថកិច្ចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយឆ្លងចរន្តអគ្គិសនីពីម៉ូទ័របូមទឹកក្នុងស្ទឹងបណ្ដាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយមកសពត្រូវបានប្រគល់ទៅឱ្យឈ្មោះកុយ ភី ភេទប្រុសត្រូវជាកូនបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ សិលា


ចែករំលែក៖