ខេត្តសៀមរាប៖ ស្រ្តីម្នាក់ខណ:ផឹកស្រាស្រវឹងបានចុះទៅដងទឹកស្រះយកមកឲ្យគោផឹកក៏រអឹលជើងធ្លាក់ចូលស្រះលង់ស្លាប់គ្មានអ្នកណាដឹងជួយទាន់ឡើយ។
ឧបទ្ទវហេតុនេះកើតឡើងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិរំណ្ដាស ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
មន្រ្តីនគរបាលប៉ុស្តិ៍ស្រែខ្វាវ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គាល់ គូន ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។ស្រ្តីរូបនេះតែងផឹកស្រាជាប្រចាំ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងរួចក៏យកធុងទៅដងទឹកស្រះមកឲ្យគោផឹកដែលនៅចម្ងាយប្រមាណ៥០ម៉ែត្រពីផ្ទះ។ លុះទៅបាត់យូរពេកមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានទៅតាម ស្រាប់តែឃើញជនរងគ្រោះលង់ទឹកស្រះស្លាប់បាត់ទៅហើយ។បន្ទាប់មកក្រុមគ្រួសារបានស្រង់សពពីក្នុងទឹករួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ។
ក្រោយធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្រះប្រាកដមែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា