ប្រទេសថៃ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ ! ហើយការបង្ហោះអង្គាសលុយ ខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតអោយធ្វើឡើយ។
សូមបញ្ជាក់ថា, ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា, ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ យើងខ្ញុំបានឃើញសារដែលបង្ហោះនៅលើ ហ្វេសប៊ុករបស់ម្ចាស់គណនីឈ្មោះ ពូឈីវ បានចុះផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមាន ខ្លឹមសារថា៖
“សេចក្តីអំពាវនាវ៖ ដោយមើលឃើញការលំបាករបស់ពលករខ្មែររាប់សែននាក់នៅប្រទេសថៃ ដែល ជួបរលកទី៣នៃការរាតត្បាតកូវីដ១៩ ខ្ញុំសុំសទ្ធាបងប្អូនម្នាក់ 2000៛=០.៥$ ដើម្បីរួមចំណែកនូវការលំបាកនេះ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ «» Royal Embassy of Cambodia in Bangkok ABA 000238158 LA PISETH 078 704345។
ស្ថានទូតសូមបដិសេធទាំងស្រុងថា ការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ ហើយកន្លងមកស្ថានទូតក៏ពុំមានគោលការណ៍នៃអង្គាសថវិកានោះដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនកុំចាញ់បោកការអំពាវនាវនេះ និងកុំផ្ទេរប្រាក់ទៅគណនីធនាគារខាងលើជាដាច់ខាត ដើម្បី ជៀសវាងការខាតបង់ប្រាក់កាស។
ស្ថានទូតស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូឈីវ លុបសារនេះចេញពីទំព័រហ្វេសប៊ុក, វេរប្រាក់ ដែលទទួលបានកន្លងមកត្រឡប់ជូនទៅម្ចាស់ដើមវិញ និងបញ្ឈប់ទង្វើនានាដែលនាំឲ្យសាធារណជនមានការ ភ័ន្តច្រឡំបែបនេះ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា