ព័ត៌មានទាន់ហេតុការណ៍៖

មកស្តាប់ប្រវត្តិសង្ខេបរបស់កុមារី ណាណា ដែលកំពុងល្បីខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយជុំវិញកុមារីវ័យក្មេងខ្ចីម្នាក់ឈ្មោះណាណា ដែលបានបង្ហាញពីចំណាប់អារម្មណ៍ជុំវិញការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។ ភាពឈ្លាសវៃប្រកបដោយទេពកោសល្យខ្ពស់បានធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ខណៈដែលសម្តេចតេជោ ក៏ពេញចិត្តនិងបានផ្តល់ជាប្រាក់រង្វាន់សម្រាប់នាងផងដែរ។ ពេលនេះទស្សនិកជនអាចស្គាល់អំពីប្រវត្តិសង្ខេបខ្លះៗរបស់ក្មេងស្រីរូបនេះ វិញម្តង។ ណាណា មានឈ្មោះពេញថា គូ ហេណា នាងមានវ័យ៦ឆ្នាំ ត្រៀមបញ្ចប់ការសិក្សាថ្នាក់មតេ្តយ្យហើយ។ នាងមានឪពុកឈ្មោះលឿង គូ វ័យ៤៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងម្តាយឈ្មោះ តិច សុខលីន អាយុ៣៩ឆ្នាំ ជាអាជីវករនៅផ្សារឧដុង្គ។ ណាណា មានបងប្អូន២នាក់ដោយបងស្រីនាងពេលនេះមានវ័យ១៥ឆ្នាំហើយដែរ។ តាមការបញ្ជាក់ពីលោកស្រីតិច សុខលីន ជាម្តាយបានបញ្ជាក់ថា ណាណាគឺជាក្មេងស្រីដែលមានអត្តចរិតរួសរាយរាក់ទាក់ ចូលចិត្តការលេងច្រើន ប៉ុន្តែនាងបត់បែនច្រើនពេលដែលនៅជាមួយមនុស្សចាស់។លោកស្រីបញ្ជាក់ថា ក្នុងនាមជាម្តាយមិនមានអ្វីសប្បាយចិត្តជាងបានឃើញកូនស្រីមានភាពឆ្លាតវាងវៃ ស្តាប់ដំបូន្មាន ស្គាល់ចាស់ទុំនោះទេ គឺបើយកមាស និងពេជ្រមកប្តូរក៏មិនដូរផង។ ប្រភពបានបន្តថា ជាទម្លាប់ណាណា ចូលចិត្តស្វែងយល់ និងចង់រៀនខ្លាំង ប៉ុន្តែនាងក៏ចូលចិត្តលេងច្រើនដែរ ហើយមួយរយៈចុងក្រោយនេះគឺនាងពិតជាមាននិស្ស័យលើការនិយាយច្រើន ទើបបង្កើតហ្វេសប៊ុកPage មួយសម្រាប់នាង និងទទួលបានការគាំទ្រច្រើនជាបន្តបន្ទាប់។ លោកស្រីថា ពិតជារំភើបរកអ្វីមកនិយាយមិនបាននោះទេក្រោយពីទទួលបានដំណឹង និងបានឃើញវីដេអូរបស់កូនស្រីត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់សម្តេច តេជោ និងទទួលបានការស្រលាញ់រាប់អានចូលចិត្តពីមហាជនភាគច្រើន ។
គួរបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១នេះគណនីហ្វេស
ប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយជុំវិញកុមារីវ័យក្មេងខ្ចីម្នាក់ឈ្មោះណាណា។ កុមារីនេះនិយាយបានយ៉ាងល្អ និងបង្ហាញហេតុផលមួយចំនួនដ៏សមស្រប និងមានភាពឈ្លាសវៃមិនចាញ់មនុស្សធំពេញវ័យឡើយ។ ការបញ្ជាក់នេះផងដែរក៏ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអំពាវនាវដល់មាតាបិតាទាំងអស់នាំកូនអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ តទៅ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖