ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជូនបជនសង្ស័យ ៧នាក់ទៅសាលាដំបូងខេត្តក្រោមបទចោរកម្ម(លួចប្រអប់ត្រង់ហ្វូភ្លើង ខ្សែស្ពាន់ភ្លើងអគ្គិសនី) និងទទួលទិញផលចោរកម្មនៅក្រុងព្រះសីហនុ។
បើយោងតាមរបាយការណ៍នគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី២៦ ខែកក្កដា នៅចំណុចមុខបុរីគុជអាស៊ី ស្ថិតក្នុងក្រុមទី១៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ៣ បានឃាត់ខ្លួនបុរសចំនួន ៧នាក់ ពីបទចោរកម្ម និងទទួលទិញផលចោរកម្ម។
របាយការណ៍ដដែលបន្តថា ជនជាប់សង្ស័យទាំង៧នាក់នេះទី ១. ឈ្មោះ ពេជ្រ រាជ្យ អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអូរត្រេះ(មេខ្លោង), ទី២. ឈ្មោះ ពេជ្រ ចាន់ អាយុ ២៤ឆ្នាំ មុខរបរជាងភ្លើង (មេខ្លោង), ទី៣. ឈ្មោះ ង៉ែត ណារិទ្ធ អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ (សហចារី), ទី៤. ឈ្មោះ ឈិន ចំរើន អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ (សហចារី), ទី៥. ឈ្មោះ ផល លាភ អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ (សហចារី), ទី៦. ឈ្មោះ មៀច ភ័ក្ត្រ អាយុ ៤១ឆ្នាំ មុខរបររើសអេតចាយ (សហចារី), និងទី៧. ឈ្មោះ ឡុង ហេងយូ អាយុ ៤០ឆ្នាំ មុខរបរទិញនិងលក់អេតចាយ (អ្នកទទួលផលចោរកម្ម)។
ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ត្រង់ហ្វូភ្លើងមួយគ្រឿង (ផលនៃអំពើលួច) ខ្សែស្ពាន់រុំត្រង់ហ្វូចំនួន ១១បាវ ទម្ងន់ ៣៧៨គីឡូក្រាម (ផលនៃអំពើលួច)ម៉ូតូមួយគ្រឿង (មធ្យោបាយដឹកជញ្ជូន) – ឧបករណ៍សម្ភារៈសម្រាប់កាត់ខ្សែភ្លើង មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងនគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី