ការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍អូឡាំពិកនៃការប្រកួតបាល់ទាត់ផ្នែកបុរស (U23) បានរកឃើញក្រុមទាំង៨ដែលត្រូវឡើងទៅប្រកួតបន្តហើយ ក្រោយពីការប្រកួតកាលពីថ្ងៃទី២៨ កក្កដាម្សិលមិញ។
ការប្រកួតវគ្គជម្រុះកាលពីម្សិលមិញនេះ ក្រុមខ្លាំងមកពីតំបន់អាស៊ីទាំង២គឺជប៉ុន និងកូរ៉េខាងត្បូងបានបំបាក់ក្រុមខ្លាំងបារាំង និងហុងដូរ៉ាស។ ក្រុមម្ចាស់ផ្ទះជប៉ុន U23 បានយកឈ្នះក្រុមខ្លាំងបារាំង៤ទល់០ ដែលនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ជប៉ុនក្នុងការឡើងទៅកាន់វគ្គ៨ក្រុម។
៤គ្រាប់របស់ក្រុមម្ចាស់នេះរកបានដោយកីឡាករ Kubo នៅនាទីទី២៧, គ្រាប់ទី២រកបានដោយកីឡាករ Sakai នៅនាទីទី៣៤, គ្រាប់ទី៣រកបានដោយកីឡាករ Miyoshi នៅនាទីទី៧០ និងគ្រាប់ទី៤ រកបានដោយកីឡាករ Maeda នៅនាទីទី៩០+១។ ចំណែកខាងបារាំងវិញក្រោយពីក្រុមជប៉ុនស៊ុតចូល២គ្រាប់នៅតង់ទី១ ស្រាប់តែនៅតង់ទី២ កីឡាករបារាំង Kolo Muani បានបង្កកំហុសធ្វើឲ្យអាជ្ញាកណ្តាលសម្រេចផ្តល់កាតក្រហមដេញចេញពីការប្រកួតតែម្តង។
សម្រាប់ក្រុមជម្រើសជាតិជប៉ុន U23 ក្រោយពីយកឈ្នះបារាំងក្នុងវគ្គជម្រុះតាមពូលនឹងត្រូវប៉ះក្រុមខ្លាំងណូវែលហ្សេឡង់ក្នុងវគ្គ៨ក្រុមបន្តទៀតនៅថ្ងៃសៅរ៍ទី៣១ កក្កដាខាងមុខនេះ។
ដោយឡែកក្រៅពីក្រុមម្ចាស់ផ្ទះជប៉ុន ក្រុមខ្លាំងៗ៧ទៀតបានឡើងទៅកាន់វគ្គ៨ក្រុមដែរក្នុងនោះ ក្រុមម៉ិចស៊ីកូបានយកឈ្នះក្រុមអាហ្រ្វិកខាងត្បូង៣ទល់០, កូរ៉េខាងត្បូងបំបាក់ក្រុមហុងដូរ៉ាស៦ទល់០, ណូវែលហ្សេឡង់ស្មើជាមួយរ៉ូម៉ានី០ទល់០, អេស្ប៉ាញស្មើជាមួយអាហ្សង់ទីន១ទល់១, អេហ្ស៊ីបឈ្នះអូស្ត្រាលី២ទល់០, ប្រេស៊ីលឈ្នះអារ៉ាប៊ីសាអ៊ូឌីត៣ទល់១ និងកូឌីវ័រស្មើជាមួយអាល្លឺម៉ង់១ទល់១។
សូមបញ្ជាក់ថា ក្រុមទាំង៨នឹងត្រូវប្រកួតគ្នានៅរសៀលថ្ងៃសៅរ៍ទី៣១ កក្កដាខាងមុខនេះ ដោយជប៉ុនត្រូវប៉ះណូវែលហ្សេឡង់(ម៉ោង៤រសៀល), អេស្ប៉ាញប៉ះកូឌីវ័រ(ម៉ោង៣រសៀល), ប្រេស៊ីលប៉ះអេហ្ស៊ីប(ម៉ោង៥ល្ងាច) និងកូរ៉េខាងត្បូងប៉ះម៉ិចស៊ីកូ (ម៉ោង៦ល្ងាច)។ ចំណែកការប្រកួតវគ្គ៤ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហា ខណៈដែលប្រកួតផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី៧ ខែសីហាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)