យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងដាំក្បាលចុះបុកទៅលើដំបូលផ្ទះពលរដ្ឋនៅភាគខាងលិចប្រទេសអ៊ុយក្រែន។
ប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់បុកផ្ទះពលរដ្ឋនៅក្នុងភូមិ Prykarpattia ភាគខាងលិចប្រទេសអ៊ុយក្រែន នៅវេលាម៉ោង១និង៤០នាទី (ពេលវេលាក្នុងតំបន់)នាថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង។
ក្រុមពន្លត់អគ្គិភ័យប្រមាណ១០នាក់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។ អណ្តាតភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១និង៥៨នាទី។ ក្រោយការពន្លត់ភ្លើង ក៏បានរកឃើញអ្នកស្លាប់ ៤នាក់នៅក្នុងការឆាបឆេះនោះ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០២ យន្តហោះចម្បាំង Sukhoi Su-27 របស់កម្លាំងទាហានអាកាសអ៊ុយក្រែន ក៏បានធ្លាក់ពេលកំពុងតែហោះហើរសម្តែងនៅលើដែនអាកាសនៅអាកាសយានដ្ឋាន Sknyliv ជិតទីក្រុង Lviv ។ គ្រោះថ្នាកនោះបណ្តាលឲ្យមានមនុស្ស៧៧នាក់ស្លាប់ ក្នុងនោះមានកុមារ២៨នាក់។ ក្រៅពីនេះក៏មានមនុស្ស៥០០នាក់រងរបួស ក្នុងនោះមាន១០០នាក់របួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
កាលពីឆ្នាំ ២០១៤ យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានរងការបាញ់ទម្លាក់នៅក្នុងទឹកដីអ៊ុយក្រែន បណ្តាលឲ្យអ្នកដំណើរទាំងអស់ ២៨៣នាក់ស្លាប់ ក្នុងនោះមានក្រុមអាកាសយានិក១៥នាក់។
នៅខែកញ្ញាឆ្នាំ២០២០ ក៏មានមនុស្ស២២នាក់ស្លាប់ និង២នាក់រងរបួស ក្រោយករណីធ្លាក់យន្តហោះរបស់កម្លាំងទាហានអាកាសអ៊ុយក្រែន ហើយភាគច្រើនអ្នកស្លាប់គឺជានិស្សិតមហាវិទ្យាល័យទាហានអាកាសអ៊ុយក្រែន ៕ដោយ៖ធីរីណា