ព័ត៌មានទាន់ហេតុការណ៍៖

វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុង អូឡាំពិកមានប្រភពមកពីណា?

ចែករំលែក៖

នៅក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសារត់ប្រណាំងម៉ារ៉ាតុង មានភាពល្បីល្បាញនៅលើពិភពលោក ដែលមនុស្សគ្រប់គ្នាបានស្គាល់ពីវិញ្ញាសារត់ប្រណាំងនេះ។ ប៉ុន្តែមិនមានមនុស្សច្រើនឡើយដែលបានដឹងថា ម៉ារ៉ាតុងមានប្រភពចេញពីសង្គ្រាមនៅក្នុងប្រទេសណាឡើយ។
ការរត់ប្រណាំងម៉ារ៉ាតុង ល្បីល្បាញនៅលើពិភពលោក ហើយក៏ជាវិញ្ញាសាប្រកួតប្រជែងដ៏សំខាន់នៅក្នុងការប្រកួតកីឡាអូឡាំពិក។ តាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវការរត់ប្រណាំងនោះមានប្រភពមកពី Marathon ជាសង្គ្រាមទ្រង់ទ្រាយធំនៅឆ្នាំ៤៩០ មុនគ្រឹស្តសករាជ ។
សមរភូមិម៉ារ៉ាតុងគឺជាសមរភូមិដ៏កាចសាហាវរវាងកងទ័ព Athens នៃប្រទេសក្រិច និងកងទ័ពពែរ្ស។ ក្នុងសង្គ្រាមនោះ កងទ័ពក្រិចបានរត់រយៈចម្ងាយដល់ទៅ៤២គីឡូម៉ែត្រ ពីសមរភូមិមកកាន់រដ្ឋធានី Athens ដើម្បីផ្តល់ដំណឹងពីជ័យជម្នះ។ រូបភាពរឹងមាំ តស៊ូ ស៊ូទ្រាំ របស់កម្លាំងទាហានក្រិច បានបង្កើតចេញជាវិញ្ញាសារត់ប្រណាំងម៉ារ៉ាតុង ក្នុងការប្រកួតអូឡាំពិកនាពេលក្រោយមក។
ដើម្បីយកជ័យជម្នះដ៏សំខាន់ កងទ័ព Athens បានប្រមូលផ្តុំកម្លាំង អាវុធទំនើបៗ ស្មារតីមោះមុតរបស់កម្លាំងទាហាន។
ស្តេចពែរ្ស Darius I បានឡើងគម្រោងវាយប្រហារ Athens ជាច្រើនឆ្នាំ ។ ក្រោយត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ ក៏ចាប់ផ្តើមវាយប្រហារ Athens នៅឆ្នាំ៤៩០ មុន គ.ស។ ក្នុងពេលនោះស្តេចពែរ្សបានបញ្ជូនកងទ័ពប្រមាណ ១សែននាក់ និងទូក ៦០០គ្រឿង ។ ក្នុងពេលទទួលបានដំណឹងថាទាហានពែរ្សឈ្លានពានទឹកដី ស្តេច Athens បានបញ្ជូនកងទ័ពជាង១ម៉ឺននាក់ទៅកាន់ម៉ារ៉ាតុងដើម្បីទប់ទល់។
នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ៤៩០មុនគ.ស កងទ័ពក្រិច បានវាយប្រហារគ្នានៅម៉ារ៉ាតុង។ ដោយសារតែកងទ័ពពែរ្សច្រើនជាងក្រិច ជួយឲ្យកម្លាំងទាហានពែរ្សមានប្រៀបនៅក្នុងសមរភូមិនោះ។ ទាហានក្រិចក៏បានដកថយ ដើម្បីរៀបចំផែនការថ្មី ដោយឡោមព័ទ្ធកងទ័ពសត្រូវ។ ក្រោយពេលរៀបចំយុទ្ធសាស្ត្ររួចរាល់កងទ័ពក្រិចបានវាយប្រហារ ធ្វើឲ្យកងទ័ពពែរ្សតដៃមិនទាន់ ក៏ដកចេញទៅវិញ។ ដោយភាពអង់អាចក្លាហានយកជ័យជម្នះលើសត្រូវ កម្លាំងទាហានក្រិចបាននាំគ្នារត់ចម្ងាយផ្លូវជាង ៤០ គីឡូម៉ែត្រ មកកាន់រដ្ឋធានីAthens ផ្តល់ដំណឹងពីជ័យជម្នះនោះ។ ជោគជ័យនោះបានធ្វើឲ្យប្រទេសជាច្រើនស្ញប់ស្ញែង កោតសរសើរទាហានក្រិច ។ ក្រោយមកក៏មានការប្រកួតរត់ប្រណាំងម៉ារ៉ាតុងកើតឡើង ៕

ដោយ៖ធីរីណា(រូបភាព៖kienthuc.net.vn)


ចែករំលែក៖