ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​ព្រៃវែង​៖​ ដឹក​នាំ​មន្រ្តី​ក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​​ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ​ បានដឹកនាំលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ និងលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ជា​ សុមេធី​ បានបញ្ជាក់ថា​ លោក សុខ យាត បានទទួលមរណភាព នាថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១​ និង១០នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។ សពរបស់លោក បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

រូបកាយរបស់លោក សុខ យាត បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែបានបន្សល់ទុកនូវអំពើល្អជាកុសល កិត្តយស សេចក្តីថ្លៃថ្នូរ ស្ថិតនៅជាប់ក្នុងសន្តានចិត្តភរិយា កូនប្រុសស្រី ចៅប្រុសស្រី បងប្អូនព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ជាចុងបញ្ចប់​ លោកអភិបាលខេត្ត​ សូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោក​ សុខ​ យាត បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយ៖សហការី​


ចែករំលែក៖