ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលគោករកា បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីពូកគេជិះរុឺម៉កម៉ូតូដើរលួចដែករបស់ប្រជាពលរដ្ឋបានមួយរុឺម៉ក និងព្យាយាមយកដែកគុបមកលេីសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិជម្រៅ ក្នុងបុរីឈូកវ៉ា១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយកម្លាំងសមត្ថកិច្ចដេញចាប់បានម្នាក់រហូតមកដល់ចំណុចផ្លូវបេតុង កន្លែងចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ តាប់ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងកន្លែងចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកបក្ខពួក៣នាក់ទៀតបានគេចខ្លួនបាត់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បេីតាមការរៀបរាប់របស់ជនសង្ស័យបានឱ្យដឹងថា ដំបូងឡើយខ្លួនគេនិងបក្ខពួកបានខ្ចីរុឺម៉កម៉ូតូគេ ហើយក៏បាននាំគ្នាជិះដើរលួចរបស់របរគេរហូតទៅដល់តំបន់ក្នុងបុរីឈូកវ៉ាទី១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយលួចដែកគេបានមួយរុឺម៉ករួចនាំគ្នាជិះចេញមកវិញក៏ជួបសមត្ថកិច្ចដេញតាមពីក្រោយស្រែកឲ្យឈប់ តែពួកគេមិនបានឈប់នោះទេគឺថែមទាំងបានយកដែលលួចបាននៅលើរុឺម៉កហ្នឹងគប់ទៅលើសមត្ថកិច្ចជាហូរហែតាមផ្លូវ តែសំណាងល្អសមត្ថកិច្ចគេចមិនឲ្យត្រូវរបួសនោះទេ។ ដោយសារសមត្ថកិច្ចដេញតាមពីក្រោយរហូតនោះគេ បានបើកជ្រែចុះឡើងៗមិនឲ្យសមត្ថកិច្ចចូលចាប់បានឡើយ។ លុះមកដល់តំបន់ចាក់សំរាមចាស់ស្ទឹងមានជ័យ ពូកគេក៏ឈប់រុឺម៉កម៉ូតូលោតចុះរត់រួចបីនាក់នៅសល់តែខ្លួនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ ។
បច្ចុប្បន្ននេះ ដោយសារជនសង្ស័យខាងលេីធ្វេីសកម្មភាពបទល្មេីសនៅមូលដ្ឋានខណ្ឌព្រែកព្នៅ ទេីបសមត្ថកិច្ច
ប៉ុស្ដិ៍ស្ទឹងមានជ័យ២ ប្រគល់ជនសង្ស័យនិងវត្ថុតាងឲ្យទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា យកទៅសួរនាំនិងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី ៕
ដោយ៖ភារ៉ា ដង្កោ