ខេត្តបាត់ដំបង ៖ នារីរូបស្រស់ពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំធ្វើការឃាត់ខ្លួនពីបទយករូបថតគេទៅបង្កើតគណនីfacebookក្លែងក្លាយដើម្បីឆបោកយកប្រាក់ពីអ្នកដទៃ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:១០នាទីថ្ងៃទី៥ ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថា នារីជាជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមាន១-ឈ្មោះ លី សាន់ឆាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ២-ឈ្មោះពុធ ជាវឌ្ឍនា ហៅសៅ ចាន់ណា ភេទស្រីអាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ហើយការឃាត់ខ្លួននេះគឺធ្វើតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៧៩៣ និងលេខ២៧៩៤ចុះថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតគេទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនាដល់ខែឧសភាឆ្នាំ២០២១ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រគល់ឱ្យជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ធំចាត់ការតាមនីតិវិធី ៕
ដោយ៖ ស សម