ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើថ្លៃឈ្នួលជាមួយក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង២០លានផោនដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Joe Willock ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ សីហានេះ។
លោក Steve Bruce ដែលជាថៅកែរបស់ក្រុម Newcastle មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គាត់ក្នុងការចុះហត្ថលេខាជាមួយកីឡាករវ័យ២១ឆ្នាំរូបនេះក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍បន្ទាប់ពីទទួលបានជោគជ័យក្នុងការខ្ចីជើងកាលពីរដូវកាលមុន។
កីឡាករ Willock បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៧លើកជាប់ៗគ្នាដើម្បីជួយដឹកនាំក្លិបឱ្យរួចផុតពីការធ្លាក់ចេញពីក្របខ័ណ្ឌមួយនេះ បន្ទាប់ពីបានចូលរួមកាលពីខែមករា។ប៉ុន្តែលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាកររូបនេះមិនទាន់ត្រូវបានព្រមព្រៀងគ្នានៅឡើយ។
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបដិសេធមិនបញ្ជាក់ពីមូលហេតុដែល Willock ត្រូវអវត្តមានពីក្រុមរបស់លោកក្នុងការប្រកួតមិត្តភាពរបស់ក្រុមកាំភ្លើងធំ Arsenal ជាមួយក្រុម Tottenham កាលពីថ្ងៃអាទិត្យ។
កីឡាករជម្រើសជាតិអាយុក្រោម២១ឆ្នាំរបស់អង់គ្លេសរូបនេះបានបង្ហាញខ្លួនតែ៧ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន។
ក្រុមកាំភ្លើងធំ Arsenal ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែបម្រើ James Maddison របស់ក្លិប Leicester City ជាជម្រើសដ៏មានសក្តានុពល ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍លោក Brendan Rodgers ដែលជាគ្រូបង្វឹករបស់ Leicester City បាននិយាយថា គាត់គិតថាកីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងនៅបន្តជាមួយក្លិបទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)