ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ៖ ម្សិលមុិញ គឺជាថ្ងៃដ៏វិសេស វិសាល នៃការអនុវត្ត នយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា !

ចែករំលែក៖

ប្រទេសជប៉ុន : នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថានរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា ,នៅថ្ងៃទី៩ខែសីហាឆ្នាំ ២០២១ គឺជាថ្ងៃដ៏វិសេស វិសាល នៃការអនុវត្ត នយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម S-Pulse និង Yokohama នៃលីគកំពូលជប៉ុន (Japan League) ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា Cambodia Day ។

ក្រុមការងារស្ថានទូតកម្ពុជាបានចូលរួមពិធីបើកការប្រកួត ហើយលោក ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់ បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត ។
លោក IMAMURA Masahiro សមាជិក សភា និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជាក៏បានអញ្ជើញក្នុងពិធីនេះដែរ ។

ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder ។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់កម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖